ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ (Sinovac) ចំនួន១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិនបានដឹក មកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញហើយ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ។
វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូស មកដល់កម្ពុជា នាថ្ងៃទី២៣ ឧសភា នេះ គឺជាវ៉ាក់សាំង លើកទី៥។ ដោយឡែក លើកទី៤ ចំនួន៥០ម៉ឺនដូសមកដល់កម្ពុជា កាលពីថ្ងៃទី១៦ ឧសភា ,លើកទី៣ ចំនួន៥០ម៉ឺនដូស មកដល់កម្ពុជា កាលពីថ្ងៃទី១១ ឧសភា ,លើកទី២ ចំនួន៥០ម៉ឺនដូស មកដល់កម្ពុជា កាលពីថ្ងៃទី១៧ មេសា និងលើកទី១ ចំនួន១.៥លានដូស មកដល់កម្ពុជា កាលពីថ្ងៃទី២៦ មីនា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែតែងលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្ស ពីការវាយប្រហារដោយ ជំងឺកូវីដ-១៩។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញយុទ្ធសាស្ត្រចាក់ វ៉ាក់សាំងនេះឲ្យបានលឿន តាមដែលអាចធ្វើទៅបានជូនប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋផងដែរ។
រាជរដ្ឋាភិបាល បន្ដថា វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ ភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមាន វ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជាបានកើតមាន ក្រោមចំណង ទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិន ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរ ក្នុងការយកឈ្នះលើជំងឺកូវីដ-១៩។
កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឲ្យបាន ជាង២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋជាង១០លាននាក់ ដើម្បីបង្កើតភាពសាំ និងទទួលបានជោគជ័យ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើយ៉ាងណាឲ្យស្ថានភាពសេដ្ឋកិច្ច បានប្រសើរឡើងវិញ នាពេលខាងមុខ។
សូជម្រាបថា មកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់ សាំង ជាង៥លានដូសរួចទៅហើយ ក្នុងនោះ វ៉ាក់សាំងស៊ីណូហ្វាមជំនួយរបស់ចិនចំនួន១.៧លាន ដូស , វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ ចំនួន ៣២៤,០០០ដូស និងវ៉ាក់សាំងស៊ីណូវ៉ាក់ទិញពីចិននោះ ចំនួន៣លានដូស។
យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសកម្ពុជា សរុបចំនួន ២,២៥៣,០៤៤នាក់៕