ភ្នំពេញ ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងថា នៅពេល រាជរដ្ឋាភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស កំពុងរួមគ្នាប្រយុទ្ធជាមួយកូវីដ-១៩ តើពួកអ្នក ប្រឆាំងបានចូលរួមធ្វើអ្វីខ្លះ?
ក្នុងពិធីប្រកាសកែសំរួល សមាសភាពក្រុមការងារស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ លោក ព្រុំ សុខា បានឱ្យដឹងថា បច្ចុប្បន្នភាពនៃសភាពការណ៍សង្គមជាតិ ដោយលើកសរសើរពីចលនាសាមគ្គី ជាតិ ដែលនៅទូទាំងប្រទេសកំពុងរួមគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីបន្តប្រយុទ្ធប្រឆាំងកូវីដ-១៩។
លោក បញ្ជាក់ថា «ពេលរាជរដ្ឋាភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស កំពុងរួមគ្នាប្រយុទ្ធសភាពការ ណ៍កូវីដ-១៩ តើពួកអ្នកប្រឆាំងបានចូលរួមធ្វើអ្វីខ្លះ?»។
លោក បន្ដថា «ទោះជាយ៉ាងណាក្តី អាស្រ័យដោយកំលាំងសាមគ្គីប្រជាជាតិ ដើម្បីកសាងភាពធន់សង្គមជាតិកំពុងប្រព្រឹត្តទៅយ៉ាងសកម្មបែបនេះ អង្គប្រជុំទាំងមូលបានសំដែងនូវជំនឿជាក់ ប្រកបដោយសុទិដ្ឋិនិយមថា យើងពិតជាប្រយុទ្ធឈ្នះកូវីដ-១៩ និងពុះពារដោះស្រាយបានរាល់ផលប៉ះពាល់បង្កឡើង ដោយវិបត្តិនៃជម្ងឺរាតត្បាតជាសកលនេះ នាំសង្គមជាតិយើងត្រឡប់ទៅកាន់ប្រក្រតីភាពជាធម្មតាសាជាថ្មីឡើងវិញ យ៉ាងឆាប់រហ័ស ដើម្បីបន្តរក្សារឹងមាំនូវបុព្វហេតុសុខសន្តិភាព ការអភិវឌ្ឍសំរាប់អនាគតរុងរឿងរបស់ប្រទេសជាតិ និងប្រជាជនយើង»។
ជាងនេះទៅទៀត លោក ព្រុំ សុខា ក៏បានសង្កត់ធ្ងន់ពីចលនាយុទ្ធនាការជាតិក្រោមការដឹកនាំដ៏មោះមុត និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានការគាំទ្រ និងការចូលរួមយ៉ាងផុសផុល និងទូលំទូលាយពីមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងមហាជន ប្រជាជនគ្រប់លំដាប់ថ្នាក់ កំពុងជំរុញ ការពុះពារប្រយុទ្ធគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ បានល្អប្រសើរ ដើម្បីរក្សាស្ថិរភាព និងប្រក្រតីភាពជីវភាពសង្គមជាតិ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៥,២០៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១៧,៧០១នាក់ និងស្លាប់ ចំនួន១៧៦នាក់៕



