ព័ត៌មានជាតិ

ធនាគារជាតិ​ លើកទឹកចិត្ត គ្រឹះស្ថានធនាគារ ឱ្យបន្តអនុគ្រោះ ដល់អតិថិជន ក្នុងដំណាក់កាល ជំងឺកូវីដ-១៩ (Video)

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានបន្តលើកទឹកចិត្ត ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពអនុគ្រោះ ក្នុងការបន្ធូរបន្ថយ ឬពិន័យផ្សេងៗពីអតិថិជន ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ខណៈធនាគារជាតិ បានដាក់ចេញនូវវិធានការ អនុគ្រោះជាបន្តបន្ទាប់ ដើម្បីចូលរួមគាំទ្រ គោលនយោបាយ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុក ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពីជំងឺកូវីដ-១៩។

យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិ នៃកម្ពុជាថ្មីៗនេះបានឱ្យដឹងថាក្នុងបរិការណ៍ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ធនាគារជាតិ ក៏បានសម្រេចបន្ត វិធានការអនុគ្រោះ ដំណាក់កាល ទី៣ ដូចជា ៖ រក្សាការអនុវត្តប្រាក់បម្រុង កាតព្វកិច្ចតាម អត្រា៧% ដដែល រហូតដល់មានការជូនដំណឹងជាថ្មីពី ធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិ បន្ថែមថា អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តធ្វើឥណទានរៀបចំឡើងវិញ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ ចំពោះអតិថិជន ដែលរស់នៅទីតាំង តំបន់បិទខ្ទប់ តាមការកំណត់ របស់រាជរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចធ្វើឥណទានរៀបចំឡើងវិញ លើសពី៣ដង ក្នុងអំឡុងពេលអនុគ្រោះនេះ។

ធនាគារជាតិ នៃកម្ពុជាបានបញ្ជាក់ថា «បន្តលើកទឹកចិត្ត ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរ បន្ថយឬលើកលែង ការយកសោហ៊ុយ ឬការពិន័យផ្សេងៗ តាមស្ថានភាពជាក់ស្ដែង របស់អតិថិជន»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top