ព័ត៌មានជាតិ

កូនសត្វផ្សោតទន្លេមេគង្គ ទើបនឹងកើតថ្មីមួយក្បាលទៀត ត្រូវបានអ្នកវិទ្យាសាស្ត្រ កត់ត្រាទុក

ភ្នំពេញ ៖ ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវ សត្វផ្សោតទន្លេមេគង្គ នៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកល សម្រាប់ ធម្មជាតិ (WWF) រកឃើញកូនសត្វផ្សោត ទន្លេមេគង្គ ទើបនឹងកើតថ្មីមួយក្បាលទៀត ហើយអ្នកវិទ្យាសាស្ដ្របានកត់ត្រា ទុកផងដែរ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អង្កការ WWF កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីកំណើត នៃកូនផ្សោតថ្មីមួយក្បាលនេះ ជាកូនផ្សោតទីបួន ដែលត្រូវបានកត់ត្រា ចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២១នេះ ។ ក្រុមអ្នកជំនាញ បានសន្មត់ថា កូនផ្សោតនេះមាន អាយុប្រហែលពីរថ្ងៃ ក្រោយពេលដែលក្រុមស្រាវជ្រាវ បានប្រទះឃើញវា នាថ្ងៃទី២១ ឧសភា ខណៈកូនផ្សោតនេះកំពុងហែលជាមួយ សត្វផ្សោតពេញវ័យចំនួនដប់ក្បាលផ្សេងទៀត នៅក្នុងតំបន់អន្លង់សត្វផ្សោតកាំពី នៃខេត្តក្រចេះ។

សូមរំលឹកថា កាលពីថ្ងៃទី២១ ឧសភា អង្គការWWF បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ខ្លួន ដើម្បីស្វាគមន៍ កំណើតកូនផ្សោតថ្មីទីបី ហើយអំពាវនាវអំពីភាពចាំបាច់ ក្នុងការរួមសហការគ្នា ឲ្យកាន់តែខ្លាំងឡើង ដើម្បីរៀបចំវិធានការអភិរក្ស ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការពារសត្វផ្សោតឲ្យជៀសផុត ពីភាពវិនាសផុតពូជ៕

To Top