ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានគាំទ្រចំណាត់ការរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ដែលហាមមិនឲ្យមានការ ផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្ដកំពង់ស្ពឺ ។
រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ដោយទុកពេលរយៈពេល១សប្ដាហ៍ សម្រាប់គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀ ក្នុងការរុះរើស្លាកសញ្ញាផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការចលនាដើម្បីសុខភាពកម្ពុជា នាថ្ងៃទី២៤ ឧសភា បានឲ្យដឹងថា ចំណាត់ការនេះ គឺជាការចាប់ផ្ដើមដ៏ល្អមួយ ក្នុងការកាត់បន្ថយការជួបជុំ ដែលផ្ទុយនឹងវិធានការ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល ការឆ្លងជំងឺកូវីដ១៩។ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺបានជំរុញនិងទាក់ទាញអ្នកប្រើប្រាស់ គ្រឿងស្រវឹងកាន់តែច្រើន។
ប្រភពដដែលបន្ដថា ដើម្បីឲ្យវិធានការនេះមាននិរន្តរភាព និងប្រសិទ្ធភាពពេញលេញ កម្ពុជាគួរតែមានច្បាប់ ឬលិខិតគតិយុត្តិណាមួយសម្រាប់គ្រប់គ្រងគ្រឿងស្រវឹង។ ការហាមឃាត់មិនឲ្យផ្សាយពាណិជ្ជកម្ម តាមរយៈស្លាកសញ្ញា មិនគ្រប់គ្រាន់សម្រាប់បង្ការប្រជាពលរដ្ឋ ពីការអូសទាញឲ្យប្រើប្រាស់គ្រឿងស្រវឹងទេ ព្រោះប្រជាពលរដ្ឋនៅតែរងឥទ្ធិពល នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង តាមមធ្យោបាយផ្សេងទៀត ដូចជា ទូរទស្សន៍ វិទ្យុ សារព័ត៌មាន បណ្ដាញផ្សព្វផ្សាយសង្គម ជាដើម។
អង្គការចលនាដើម្បីសុខភាពកម្ពុជា បានឲ្យដឹងទៀតថា ការប្រើប្រាស់គ្រឿងស្រវឹង ជាកត្តាចម្បងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាគ្រប់ប្រភេទ ភាពក្រីក្រ និងបង្កឲ្យមានជំងឺជាង ២០០មុខ។ ការប្រើប្រាស់គ្រឿងស្រវឹង បានបង្កការគំរាមកំហែង ដល់សុខភាពរបស់ប្រជាជន និងទាមទារឲ្យមានការឆ្លើយតបពីរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីកម្ពុជាសម្រេចគោលដៅអភិវឌ្ឍប្រកបដោយ ចីរភាពរបស់អង្គការសហប្រជាជាតិ៕