ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំឲ្យចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូង ត្រូវបន្តដោះស្រាយសំណុំរឿងថ្មីៗបន្ថែមទៀត ដើម្បីចៀសវាងការវិលត្រឡប់មកស្ថានភាព នៃការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូង របស់ខ្លួនឡើងវិញ។
ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តមួយចំនួន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក កើត រិទ្ធ បានក្រើនរំលឹកដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យស្របតាមដំណើរវិវត្តន៍ នៃកំណែទម្រង់ដោយត្រូវបន្តសិក្សាជាប្រចាំ ដោយត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ដោយប្រកាន់ខ្ជាប់ម៉ឺងម៉ាត់វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកបានថ្លែងថា «ទន្ទឹមនេះ ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលាដំបូង ដែលទទួលបានជោគជ័យក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវបន្តខិតខំប្រឹងប្រែងដោះស្រាយសំណុំរឿងថ្មីៗបន្ថែមទៀត ដើម្បីចៀសវាងការវិលត្រឡប់មកស្ថិតក្នុងស្ថានភាពនៃការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរបស់ខ្លួនឡើងវិញ»។
ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីយុត្តិធម៌ ក៏បានបន្តណែនាំដល់ ប្រធានសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីទាំងអស់ ត្រូវពង្រឹងនូវវិន័យការងារប្រចាំថ្ងៃរបស់ចៅក្រម ព្រះរាជអាជ្ញាដែលបម្រើការនៅក្នុងស្ថាប័នក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃ និងផលិតភាពការងារឱ្យបានត្រឹមត្រូវ ហើយត្រូវចាត់វិធានការនានាស្របតាមច្បាប់ចំពោះអ្នកដែលមិនគោរពវិន័យការងារ៕