ព័ត៌មានជាតិ

រដូវពងកូនឆ្នាំ២០២១ អ្នកជំនាញ​ រ​កឃើញកន្ធាយក្បាល កង្កែប ៦៦សម្បុក មានជាង២ពាន់ពង

ភ្នំពេញ ៖ អង្គការ WCS បានឲ្យដឹងថា ក្នុងរដូវពងកូន ឆ្នាំ២០២១ អ្នកជំនាញបានរកឃើញសម្បុកកន្ធាយក្បាលកង្កែបចំនួន ៦៦សម្បុក មានពងចំនួន២.៥២៨ពង ។

តាមគេហទំព័រហ្វេសប៊ុករបស់ អង្គការ WCS នាពេលថ្មីៗនេះ បានបញ្ជាក់ថា «នៅក្នុងរដូវពងកូន ឆ្នាំ ២០២១នេះ ក្រុមសហគមន៍ ការពារសម្បុកមេគង្គ ដែលគាំទ្រដោយសហភាពអឺរ៉ុប និងគម្រោង ព្រៃឡង់បៃតងគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID បានរកឃើញសម្បុកកន្ធាយក្បាលកង្កែបចំនួន ៦៦សម្បុក មានពងសរុប ២.៥២៨ពង»។

អង្គការ WCS បន្ថែមថា ចំនួនសម្បុក និងពងកន្ធាយក្បាលកង្កែប ដែលបានរកឃើញក្នុងឆ្នាំនេះ ច្រើនជាងឆ្នាំ ២០២០ ដែលបានរកឃើញតែ ៤៩សម្បុក និងមាន១.៧៥៦ពងប៉ុណ្ណោះ ។

WCS រៀបរាប់ទៀថា គិតចាប់ពីខែមករា រហូតដល់ត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កូនកន្ធាយ ចំនួន ១.០៨១ក្បាល បានញាស់ចេញពីសម្បុក ចំនួន៤៩សម្បុក ក្នុងចំណោម៦៦សម្បុក ហើយក្រុមការងារ បានលែងកូនកន្ធាយ ចំនួន៩៦៨ក្បាល ចូលក្នុងទីជម្រកធម្មជាតិ របស់វាវិញ ។ ចំណែកឯកូនកន្ធាយក្បាលកង្កែបនៅសល់ ក្រុមការងារកំពុងមើលថែទាំ និងគ្រោងលែងចូល ក្នុងទីជម្រកធម្មជាតិរបស់វាវិញ ក្នុងពេលឆាប់ៗខាងមុខ។

ជាមួយគ្នានេះ អង្គការ WCS ក៏បានសហការ ជាមួយរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះលែងកូនកន្ធាយក្បាលកង្កែប ចំនួន ១០០ក្បាល ចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះផងងដែរ៕

To Top