ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់៖ កម្ពុជាយល់ច្បាស់ អំពីផលវិបាក នៃសង្គ្រាម (Video)

ភ្នំពេញ៖ ស្របពេលប្រទេសមួយចំនូន នៅលើពិភពលោក កំពុងជួបប្រទះទៅនឹងសង្គ្រាម នៅឡើយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ដោយធ្លាប់ហែលឆ្លង នូវសង្គ្រាមអស់ជាច្រើន ទសវត្សរ៍ ខ្លួនឯងផ្ទាល់ កម្ពុជាយល់ច្បាស់ អំពីផលវិបាកនៃសង្គ្រាម។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា «ដោយធ្លាប់ហែលឆ្លង នូវសង្គ្រាមអស់ជាច្រើន ទសវត្សន៍ខ្លួនឯងផ្ទាល់ កម្ពុជាយល់ច្បាស់ អំពីផលវិបាកនៃសង្គ្រាម»។

សម្ដេចបញ្ជាក់បន្ថែមថា «ហេតុនេះ ទើបយើងបាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងចំណោមប្រទេស ដែលបានបញ្ជូនកម្លាំង បំពេញបេសកកម្ម រក្សាសន្តិភាពក្រោមឆត្រ អង្គការសហប្រជាជាតិ ក្នុងន័យរួមចំណែកស្វែងរក សន្តិភាពជូនបណ្តាប្រទេស កំពុងមានជម្លោះ»។

សូមរំលឹកថា ចាប់ពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន កងយោធពលខេមរភូមិន្ទ (RAF/NPMEC) បានដាក់ពង្រាយកងកម្លាំងថែរក្សាសន្តិភាពសរុបជាង ៧,៥០០នាក់ ក្នុងនោះ មានស្ត្រី ៤៦៦នាក់ ទៅ ៩ ប្រទេស រួមមាន៖ ស៊ូដង់ ឆាដ លីបង់ ស៊ូដង់ខាងត្បូង សាយប្រឺស ស៊ីរី ម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងយេម៉ែន។

បច្ចុប្បន្នមានកងរក្សាសន្តិភាពកម្ពុជាចំនួន ៧៧៩នាក់ ក្នុងនោះជាស្ត្រីចំនួន ១០៤នាក់ កំពុងប្រតិបត្តិការចំនួន ៥ប្រទេសរួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

To Top