ព័ត៌មានជាតិ

ក្រសួងសាធារណការ លើកទឹកចិត្ត ក្រុមបច្ចេកទេសជប៉ុន ឲ្យរៀបចំផែនការ មេច្បាស់លាស់ ដើម្បីគ្រប់គ្រង ទឹកកខ្វក់មានប្រសិទ្ធភាព

ភ្នំពេញ ៖ លោក កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួល គម្រោង បានលើកទឹកចិត្ត ក្រុមការងារបច្ចេកទេស នៃទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន រៀបចំផែនការមេ ឲ្យច្បាស់លាស់ ដើម្បីគ្រប់គ្រងទឹកកខ្វក់ មានប្រសិទ្ធភាព និងប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ។

ក្នុងកិច្ចប្រជុំក្រុមការងារ «Working Group» លើកទី២៤ ស្ដីពី គម្រោងអភិវឌ្ឍន៍សមត្ថភាព សម្រាប់ការងារគ្រប់គ្រងទឹកកខ្វក់ ក្នុងរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ ក្រោមជំនួយសហប្រតិបត្តិការ បច្ចេកទេសជប៉ុន កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ លោក កឹម បូរី បានថ្លែងថា «លើកទឹកចិត្តក្រុមការងារបច្ចេកទេស នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន រៀបចំផែនការ មេឲ្យបានច្បាស់លាស់ និងប្រើប្រាស់យន្តការ សិក្សាស៊ីជម្រៅ ស្របតាមទិសដៅ និងគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីសម្រេច ឲ្យបាននូវការគ្រប់គ្រងទឹកកខ្វក់ មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់»។

នាឱកាសនោះដែរ អង្គប្រជុំ ក៏បានជជែកពិភាក្សា និងស្វែងរកដំណោះស្រាយជាមួយ ក្រុមការងារបច្ចេកទេស ក្នុងការធ្វើឲ្យប្រសើរ ឡើងនូវប្រព័ន្ធលូបង្ហូរ ទឹកកខ្វក់ ដើម្បីបង្កើតផែនការ សកម្មភាពបានទូលំទូលាយ និងពិនិត្យមើលភាពងាយស្រួល នៃការតភ្ជាប់ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ដើម្បីកំណត់ពីស្ថានភាព លំហូរទឹកច្បាស់លាស់ សំដៅធានានូវបរិស្ថានស្អាត និងសុខភាព អនាម័យសាធារណៈ និងលើកកម្ពស់ជីវភាពរស់ របស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ៕

To Top