ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាអនុប្រធានគណៈកម្មការ រៀបចំកម្មវិធីទូទាត់ ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត តាមទូរស័ព្ទដៃ (CLAIM MOBILE APPLICATION) បានថ្លែងថា បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននឹងកំពុងរៀបចំបង្កើត កម្មវិធីទូរស័ព្ទដៃ ក្នុងការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ (CLAIM MOBILE APPLICATION) ដើម្បីកែលម្អដំណើរការ ទូទាត់ថ្លៃសេវាសុខាភិបាល ជូនមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស. កាន់តែមានភាពរហ័ស ច្បាស់លាស់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ទៀតថា ការបង្កើតឱ្យមាន កម្មវិធីទូរស័ព្ទដៃនេះឡើង គឺវាពិតជាសំខាន់ខ្លាំងណាស់ ក្នុងការធ្វើឱ្យប្រសើរឡើង លើការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលរួមមាន៖
១. ដើម្បីអនុវត្តប្រព័ន្ធ វិក័យបត្រតាមរយៈ កម្មវិធីបច្ចេកវិទ្យា Mobile Application
២. ដើម្បីភ្ជាប់ទិន្នន័យ នៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ជាមួយប្រព័ន្ធ HSPIS និងប្រព័ន្ធគណនេយ្យ (Sage)
៣. ដើម្បីអនុវត្តប្រព័ន្ធ ផ្ទៀងផ្ទាត់ព័ត៌មានវិទ្យា សម្រាប់សមាជិក/អ្នកផ្តល់សេវា និងទិន្នន័យវិក័យបត្រ។
ការថ្លែងឡើងរបស់លោកខាងលើ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាប្រធានគណៈកម្មការ រៀបចំកម្មវិធីទូទាត់ថ្លៃ សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត តាមទូរស័ព្ទដៃ (CLAIM MOBILE APPLICATION) ក្នុងកិច្ចប្រជុំពិភាក្សាមួយ ជាមួយក្រុមហ៊ុន OPTISTECH ស្តីពីការអភិវឌ្ឍកម្មវិធី ទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ តាមទូរស័ព្ទដៃ (CLAIM MOBILE APPLICATION) តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ។
សូមបញ្ជាក់ថា គម្រោងខាងលើ គឺមានកិច្ចសហការគាំទ្រ រៀបចំឡើងដោយ អង្គការសហប្រតិបត្តិការ អន្តរជាតិអាល្លឺម៉ង់ (GIZ) ហើយគម្រោងនេះ នឹងត្រូវបញ្ចប់ នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខផងដែរ៕









