ភ្នំពេញ៖ នាយ០៤ នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ បានទៅចុះដល់ចំណុច “ស្រះទទឹង” ស្ថិតនៅក្នុង ភូមិសាស្រ្ត ភូមិស្រែដូនតូច សង្កាត់ ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទីដែលលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានចុះ ទៅដឹកនាំកម្លាំងចម្រុះ ដើម្បីបង្ខំឱ្យម្ចាស់ដី ទទួលយកការជីក យកអាចម៍ដី បន្ថែម ឃុបឃិត យកទៅលក់បំរើ ឱ្យឈ្មួយរកស៊ីដី ដែលកំពុងត្រូវការ ចាក់បំពេញបន្ថែម នៅក្នុងខណ្ឌព្រែកព្នៅ។
អ្វីដែលនាយ ០៤ ឆ្ងល់នៅត្រង់ថា ពីដើមឡើយ “ស្រះទទឹង” មានទំហំ ៣០ម៉ គុណនឹង២០០ម៉ និងក្រោយការជីកកាយ យកអាចម៍ ពីឆ្នាំ២០១៩ និង២០២០ បានកើនទទឹងដល់ ៥០ម៉ គុណនឹង២០០ម៉។ “ស្រះទទឹង” នេះ ជាស្រះរួម ដែលម្ចាស់ដី នៅព័ទ្ធជុំវិញ អាស្រ័យផលកសិកម្មដំណាំស្វាយ អស់រយៈកាលជាង២០ឆ្នាំ មកហើយ។ ដល់ពេលអាចម៍ដី ត្រូវប៉ាន់ លោកអភិបាលខណ្ឌ ជិតចូលនិវត្តន៍រូបនេះ ឆ្លៀតមករកលេស ដើម្បីឱ្យបង្ខឱ្យម្ចាស់ដី នៅប៉ែកខាងកើតស្រះ បង្ខិតព្រំចូល ទៅក្នុង ដើម្បីបក្ខពួកខ្លួន មានលទ្ធភាព ក្នុងជីកយកអាចម៍ដី បន្ថែម ដោយមិនខ្វល់ពី ផលប៉ះពាល់ ដីចម្ការស្វាយរបស់ប្រជាពលរដ្ឋឡើយ។ ម្យ៉ាងដែរ លោកអភិបាលខណ្ឌ ព្រែកព្នៅ ជិតចូលនិវត្តន៍អើយ រកស៊ីបានកន្លែងណា ទៅត្របាក់កន្លែងហ្នឹងម៉ង!Sic!!!
បើតាមការឱ្យដឹងពីម្ចាស់ដី ប៉ែកខាងកើតស្រះទទឹង បញ្ជាក់ឱ្យនាយ០៤ ដឹងថា លោកអភិបាលខណ្ឌព្រែកព្នៅរូបនេះ បង្ខំឱ្យលោក រុះរើ ម៉ាស៊ីនបូមទឹក ស៊ីទែនស្តុកទឹក សម្រាប់បម្រើការស្រោចស្រប់ ចម្ការស្វាយ ហើយបើមិនរុះរើទេ គឺអាជ្ញាធរ ចុះទៅឈូសឆាយ តែម្តង។
នាយ០៤ មិនយល់ដែរថា លោកអភិបាលខណ្ឌ ជាអ្នកចេះដឹងជ្រៅជ្រះ គួរសមដែរ ប៉ុន្តែ គួរតែចេះ ច្បាប់ភូមិបាល ឆ្នាំ២០០១ ថា ច្បាប់គេចែងថា យ៉ាងដូចម្តេច នៅក្នុងត្រង់ ចំណុចទោសបញ្ញត្តិ ជំពូកទី ១៩ : អំពីការប៉ះពាល់កម្មសិទ្ធិ ផ្នែកទី ២ : អំពីការប៉ះពាល់ កម្មសិទ្ធិសាធារណៈ ឬ ឯកជនដោយអាជ្ញាធររដ្ឋបាល ត្រង់ មាត្រា ២៦១ រឺមួយលោកអភិបាល ដឹងតែធ្វើមិនដឹង។
បើលោកអភិបាលខណ្ឌ មិនដឹងនាយ០៤ អាចជម្រាបជូន បានណាទាន! មាត្រា២៦១ ចែងថា “មន្ត្រី ឬ អាជ្ញាធរ ដែលបានប្រើអំណាច ដោយរំលោភ ទោះមានបញ្ជាក្ដី ឬ គ្មានបញ្ជាក្ដី ដើម្បីដកហូតអចលនវត្ថុ ពីអ្នកកាន់កាប់ដោយសន្តិភាព ត្រូវផ្ដន្ទាទោស ពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ដល់ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល និង ត្រូវទទួលទោសរដ្ឋបាលថែមទៀត ។ ចាត់ទុកជាការរំលោភមាន ការក្លែងបន្លំ ការកសាងប័ណ្ណ ដោយបំពាន ការកៀបសង្កត់ ឬ វិធានការសម្ភារៈ ដើម្បីបណ្ដេញចេញ ធ្វើឡើងចំពោះអ្នកកាន់កាប់អចលនវត្ថុ ។ បើការដកហូតអចលនវត្ថុ បានប្រព្រឹត្ត ទៅដោយ អំពើហិង្សា ចារីត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ២ (ពីរ) ឆ្នាំ ថែមទៀត ។ អ្នកបញ្ជាដោយរំលោភ ត្រូវផ្ដន្ទាទោស ដូចគ្នានឹងអ្នកប្រព្រឹត្តផ្ទាល់ដែរ” ។
នាយ០៤ សង្ឃឹមថា លោកអភិបាលខណ្ឌ មិនធ្វើអ្វីផ្ទុយនឹងច្បាប់ភូមិបាល ឆ្នាំ២០០១ នោះទៀតទេ៕














