បាត់ដំបង៖លោក ណុប ដារ៉ា អភិបាល រង ខេត្ត បាត់ដំបង ស្នើដល់ មន្ត្រីដែលពាក់ព័ន្ធជាមួយមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ។

ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរងខេត្ត និងជាប្រធានដឹកនាំការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ និងមេខ្យល់ដែលនាំប្រជាពលរដ្ឋ ចេញ-ចូលនៅប្រទេសថៃ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគបាលខេត្តបាត់ដំបង កម្លាំងនគរបាលការពារព្រំដែនលេខ៨១៩ និងកម្លាំងកងយោធពលខេមរភូមិន្ទ បានសហការជាមួយកម្លាំងទាហានឈុតខ្មៅថៃកងរយលេខ៥២៥ ឃាត់ខ្លួនមុខសញ្ញានាំចេញដោយមិនស្របច្បាប់ (មេខ្យល់) ចំនួន១ករណី ដោយធ្វើសកម្មភាព នាំពលករចំនួន ២នាក់ ឆ្លងដែនចូលទៅទឹកដីចំណុចម្តុំ(ស្ពាន៣) ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន មុខសញ្ញាសង្ស័យមេខ្យល់ ចំនួន១នាក់ ឈ្មោះ កែង ធា ភេទប្រុស អាយុ៣៨ឆ្នាំ ដោយឡែកពលករចំនួន២នាក់ និងមេខ្យល់ម្នាក់ទៀតបានរត់គេចខ្លួនបាត់ បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅអោយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងអនុវត្តន៍តាមនីតិវិធីបន្ត៕\


