ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធាន សហជីព បានធ្វើការស្នើដល់រោងចក្រទាំងអស់ ក្នុងខេត្តស្វាយរៀង គួរផ្អាកសកម្មភាពការងារមួយរយៈសិន ក្រោយរកឃើញកម្មករមានវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់។

តាមរយៈ គេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា «ការរកឃើញបងប្អូនកម្មករ មានវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ នៅតាមរោងចក្រ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស មួយចំនួន ស្ថិតក្នុងខេត្តស្វាយរៀង វាជាសញ្ញាដែលគួរអោយបារម្ភជាទីបំផុត ហើយ ស្ថានភាពនេះ នឹងកាន់តែធ្ងន់ធ្ងរ ដូច្នេះ ខ្ញុំស្នើអោយថ្នាក់នាំខេត្តស្វាយរៀង មេត្តាពិចារណា ផ្អាកសកម្មភាពការងាររោងចក្រទំាងអស់ នៅក្នុងខេត្ត មួយរយៈ ដើម្បីកាន់បន្ថយការរីករាលដាល នៃជម្ងឺកូវីដ»។
សូជម្រាបថា ដោយភ័យខ្លាចឆ្លងជំងឺកូវីដ១៩ កម្មករ-កម្មការីនី ប្រមាណ១ពាន់នាក់ នាំគ្នាសម្រុកចេញ ពីកន្លែងធ្វើតេស្ដសំណាក ក្នុងរោងចក្រ តម្លើងកង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង ក្រោយអាជ្ញាធរសម្រេច ធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងនោះរកឃើញ ជំហានដំបូងជិត៦០នាក់ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ប្រជាពលរដ្ឋ អ្នកបើកបររថយន្តដឹកកម្មករ ទាំងអស់ជ្រាបថា វេលាម៉ោង ៣:៥០នាទី នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្មករ-កម្មការិនី រោងចក្រតម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានត្រលប់ទៅលំនៅដ្ឋានវិញនាល្ងាចនេះ សូមធ្វើចត្តាឡីស័កតាមដានសុខភាពរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជូន៕

