ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.ក-១៩) បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងកូវីសែល (Covishield) ដូសទី១រួច ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំង កូវីសលដូសទី២ ឲ្យបានគ្រប់ៗគ្នា ជាកំហិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។
តាមសេចក្ដីជូនដំណឹង របស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែថា ដើម្បីឲ្យសរីរាង្គ អាចបង្កើត បាននូវភាពស៊ាំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ប្រឆាំងនឹងការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ ចាំបាច់ ត្រូវចាក់វ៉ាក់សាំងកូសែល ចំនួន២លើកជាចាំបាច់ ក្នុងអំឡុងពេល៨ ទៅ១២សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំង កូវីសែលដូសទី១។
លោកស្រី បញ្ជាក់ថា «សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង កូវីសែលដូសទី១រួចទាំងអស់ ហើយមិន ទាន់បានមកចាក់វ៉ាក់សាំង កូវីសែលដូសទី២ សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំងកូវីសលដូសទី២ ឲ្យបានគ្រប់គ្នា នៅតាមទីតាំង ដែលបានចាក់វ៉ាក់សាំងនេះដូសទី១ កន្លងមក តាមពេលវេលាដែលបានកំណត់ ឲ្យបានជាកំហិតនៅត្រឹម ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១»។
លោកស្រីបន្ដថា ទោះបីជាបុគ្គលម្នាក់ៗ បានទទួលវ៉ាក់សាំងកូវីដ-១៩ រួច ហើយក្តី ក៏ត្រូវតែបន្ត អនុវត្តវិធានការ ការពារ ដែលបានដាក់ចេញ ឲ្យអនុវត្តតាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ ៣ការពារ និង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការ ចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ នៅកម្ពុជា ៕




