ភ្នំពេញ៖ រយៈពេល៥ខែ ដំបូងក្នុងឆ្នាំ២០២១នេះ ប្រទេសកម្ពុជា បាននាំចេញផ្លែស្វាយស្រស់ ចំនួន១៥.២ម៉ឺនតោន ច្រើនជាងឆ្នាំ២០២០ ចំនួន១០.៨ម៉ឺនតោន ។ នេះបើយោងតាម របាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា ។
នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា «ផ្លែស្វាយកម្ពុជា គឺជាផ្លែឈើស្រស់ទី២ ដែលមានគុណភាព ត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីផ្លែចេក។ ក្រោយពីបានចូលទៅកាន់ទីផ្សារចិន ដោយជោគជ័យមក បរិមាណនាំចេញ ក្នុងរយៈពេល៥ខែដំបូង នាឆ្នាំនេះ មានកំណើនកើនដល់៣៥០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០»។
សូមរំលឹកថា ការនាំស្វាយស្រស់របស់កម្ពុជា ចេញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានស្វាគមន៍ ពីសំណាក់ មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពាណិជ្ជករចិន ជាច្រើន នៅខេត្តហ្គ័ងស៊ី នៅកំពុងផែឈីងចូវ ខេត្តហ្គ័ងស៊ី ( Qinzhou Port, Guangxi Province ) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ឧសភា កន្លងទៅនេះ ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចា បើកទីផ្សារជាមួយ អគ្គរដ្ឋបាលគយរបស់ចិន (GACC) តាំងពីដើមឆ្នាំ២០១៨ នៅមុនពេលអគ្គរដ្ឋបាល ត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក (AQSIQ) ច្របាច់បញ្ជូលគ្នាជាមួយ GACC ហើយរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទើបទទួលបានការឯកភាព និងឈានដល់ការចុះហត្ថលេខា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។
នៅក្នុងខ្លឹមសារនៃពិធីសារ បានកំណត់ថា ស្វាយដែលដាំដុះ ក្នុងគោលបំណង សម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ហើយគ្រប់ចម្ការស្វាយ ដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តន៍ការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងផ្លែស្វាយ ដែលនាំចេញត្រូវឆ្លងកាត់ ការធ្វើប្រព្រឹត្តិកម្មកម្ចាត់ ពងរុយចោះផ្លែស្វាយ ដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment – VHT) ឬប្រព្រឹត្តិកម្មទឹកក្តៅ (Hot Water Treatment – HWT) ដើម្បីធានាថា ផ្លែស្វាយស្រស់ ទាំងនោះ ពុំជាប់ជាមួយនូវសមាសភាព ចង្រៃភូតគាមអនាម័យ ដូចមានចែងក្នុងពិធីសារ ។
ក្នុងករណីនេះ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបន្ដអំពាវនាវ ដល់សាធារណជន និងម្ចាស់ចំការស្វាយ ទាំងអស់ ដែលបំណងនាំចេញស្វាយស្រស់ ទៅកាន់ប្រទេសចិន ត្រូវមកចុះបញ្ជី នៅអគ្គនាយដ្ឋាន កសិកម្មជាមុនសិន ៕