កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ មន្ត្រីនៃអង្គភាពពាក់ព័ន្ធ ចុះស្រាវជ្រាវ និងប្រមូលសំណាក អ្នកពាក់ព័ន្ធ និងអ្នកវិជ្ជមានកូវីដ-១៩ ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ដើម្បីធ្វើតេស្តសុខភាព និងបិទខ្ទប់ផ្ទះមួយចំនួន ដែលពាក់ព័ន្ធនឹងការប៉ះពាល់អ្នកវិជ្ជកូវីដ-១៩ ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា កម្មករ-កម្មការិនី នៅរោងចក្រ ខាលីនតុន ក្នុងស្រុកជើងព្រៃ ប្រមាណជា ៨.០០០ នាក់ ដែលសង្ស័យបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវប្រមូលសំណាក ដើម្បីធ្វើតេស្តរហ័ស នៅថ្ងៃទី ២៩ ខែឧសភា ស្អែកនេះ ប៉ុន្តែក្រោយពី អាជ្ញាធរខេត្ត បានចុះពិនិត្យ និងរៀបចំកន្លែងធ្វើចត្តាឡីស័ក ទើបសម្រេចលើកទៅធ្វើតេស្ត នៅថ្ងៃទី ៣១ ខែឧសភា វិញ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា បន្ទាប់ពីចុះពិនិត្យ និងរៀបចំ កន្លែងធ្វើចត្តាឡីស័ក នៅរោងចក្រ ខាលីនតុន ក្រុមការងារបានចុះពិនិត្យ តាមខ្នងផ្ទះ របស់កម្មករ-កម្មការិនី ក្នុងស្រុកជើងព្រៃ និង ស្រុកបាធាយ ដែលវិជ្ជមានកូវីដ-១៩ ហើយបានប៉ះពាល់ ជាមួយក្រុមគ្រួសារ និងត្រូវប្រមូលអ្នក ដែលពាក់ព័ន្ធ យកមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កក្នុងក្រុងកំពង់ចាម ។ ចំពោះ ផ្ទះរបស់ពួកគាត់ ត្រូវបានបិទខ្ទប់ ការពារដោយអាជ្ញាធរ មូលដ្ឋាន ហាមចេញ-ចូល ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ ឲ្យដឹងទៀតថា អាជ្ញាធរខេត្ត បានដាក់វិធានការ រៀបចំកន្លែងធ្វើចត្តាឡីស័ក បន្ថែម ដើម្បីនាំយកអ្នកដែលប៉ះពាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ មកធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវក្នុងមណ្ឌលតែម្ដង ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាននាំយក អំណោយមានអង្ករ ១០០ គីឡូ មី ១០កេស និងម៉ាសមួយចំនួនធំ ប្រគល់ជូនមណ្ឌលចត្តាឡីស័ក ក្នុងស្រុកព្រៃឈរ និងប្រគល់រថយន្តដឹកសំរាម ដែលជាអំណោយរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនរដ្ឋបាលស្រុកព្រៃឈរផងដែរ ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ថ្ងៃនេះនេះដែរ មណ្ឌលចត្តាឡីស័ក តាមបណ្ដាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម មានប្រមាណជាង ១០ មណ្ឌល សុទ្ធតែទទួលបាន អំណោយមានអង្ករ ១០០ គីឡូ មី ១០កេស និងម៉ាសមួយចំនួនធំដូចៗគ្នា ។