ព័ត៌មានជាតិ

ផ្លូវ៣៤ខ្សែ នៅព្រះសីហនុ សាងសាងជិតចប់ រួចរាល់ហើយ

ភ្នំពេញ៖ ផ្លូវក្រុងទាំង៣៤ខ្សែ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុចាប់ផ្តើម ធ្វើតាំងពីចុងឆ្នាំ២០១៩ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល អនុវត្តដោយ គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជា(គ.អ.ឆ.ក.) រហូតមកដល់ពេលនេះ ត្រូវបានសាងសង់ ជិតរួចរាល់ហើយ ។

លទ្ធផលការងារសម្រេចបាន ពីការសាងសងផ្លូវទាំង៣៤នោះ គិតមកដល់បច្ចុប្បន្ននេះ រួមមាន៖ ចាក់បេតុងផ្លូវ សម្រេចបាន១០០%, អ៊ុតកៅស៊ូបេទីមកម្រាស់ ៧០ មីលីម៉ែត្រ សម្រេចបាន១០០%, គំនូសចរាចរណ៍ សម្រេចបាន១០០% , ដំឡើងផ្លាកសញ្ញាចរាចរណ៍ សម្រេចបាន១០០%, ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ សម្រេចបាន១០០%, ដាំដើមឈើសម្រេចបាន១០០%, បន្ទប់ទឹកសាធារណៈ សម្រេចបាន៩៣%, បំពាក់កាមេរ៉ាសុវត្ថិភាព សម្រេចបាន ៦០%, ធ្វើផ្លូវប្របឆ្នេរអូរឈើទាល កាត់តាមពយតាមូង សម្រេចបាន៩៥%, ស្ថាបនាស្ថានីយ៍ ប្រព្រឹត្តិកម្មទឹកកខ្វក់ ទី២សម្រេចបាន ១០០% , ស្ថាបនាស្ថានីយ៍ ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ សម្រេចបាន ៨៤% និងកំពុងពិនិត្យលទ្ធភាព ស្ថាបនាស្ថានីយ៍ ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣។

នេះបើយោងតាមការផ្សព្វផ្សាយ របស់ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ ក្នុងឱកាសលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី និងជាប្រធាន គ.អ.ឆ.ក.ចុះពិនិត្យវឌ្ឍនភាព ការងារស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ នាថ្ងៃ២៨ ឧសភា។

ផ្លូវទាំង៣៤ខ្សែនេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ផ្លូវនេះជាផ្លូវក្នុងក្រុងបែបប្រណីត ដែលនឹងបម្រើនៅវិស័យដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ ដ៏សំខាន់នៅក្នុងក្រុងព្រះសីហនុ ជាពិសេសក្នុងគោលដៅ ប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើប មានសោភ័ណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅ របស់ប្រជាពលរដ្ឋ អ្នកទេសចរណ៍ និងអ្នកវិនិយោគ ជាពិសេសធានាបាន គុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តមួយនៃភាគនារតី ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុក ជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ មានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណងតែមួយ សម្រាប់កម្ពុជា ក្នុងការស្រូបយកនូវ កំណើនសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍នាពេលខាងមុខ៕

To Top