ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិ សំខាន់ៗ ប្រចាំសប្ដាហ៍

មេសហជីព៖​ បុគ្គលិកមន្ទីរពេទ្យ ខេត្តកំពង់ចាម បោះសម្ដីទៅកម្មការិនី ពពោះជិតសម្រាលកូនថា មកពីខេត្តណា ទៅសម្រាលកូន នៅខេត្តនោះវិញចុះ

ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ បានឲ្យដឹងថា បុគ្គលិកមន្ទីរពេទ្យខេត្តកំពង់ចាម បានបោះពាក្យសម្ដី ទៅកម្មការិនីគ្រប់ខែម្នាក់ ដែលកំពុងឈឺពោះខ្លាំង ជិតសម្រាលថា មកពីខេត្តណា ត្រូវទៅព្យាបាល ឬសម្រាលនៅខេត្តនោះវិញចុះ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៤ ឧសភានេះ លោក ប៉ាវ ស៊ីណា បានបញ្ជាក់យ៉ាងដូច្នេះថា «កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ អ្នកស្រី ញឹម ផល្លា ជាកម្មការិនីបំរើការងារនៅរោងចក្រ ថប់ស៊ីលីវ័រ ស្ថិតក្នុងខេត្ត ត្បូងឃ្មុំ បានទៅសម្រាលកូន នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ ពេលទៅដល់មន្ទីរពេទ្យខេត្តកំពង់ចាម ស្ថិតក្នុងសភាពដែលអ្នកស្រី កំពុងតែបែកទឹកភ្លោះក៏ដោយ តែ ខាងមន្ទីរពេទ្យ គេមិនអនុញ្ញាត អោយអ្នកស្រីសម្រាលកូននៅទីនោះទេ ដោយខាងមន្ទីរពេទ្យ បានបញ្ជាក់ប្រាប់គាត់វិញ ថាមកពីខេត្តណា ត្រូវទៅព្យាបាលឬសម្រាលនៅខេត្តនោះវិញចុះ» ។

លោក ប៉ាវ ស៊ីណា បន្ថែមថា ដោយសារការបដិសេធមិនឲ្យ សម្រាលកូននៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ក្រុមគ្រួសារអ្នកស្រី បានបន្តបញ្ជូនអ្នកស្រី ទាំងស្ថានភាពកំពុងឈឺពោះខ្លាំងឡើងៗ ទៅកាន់គ្លីនិចឯកជនវិញ ដោយការវះកាត់យកទារកតែម្តង អ្នកស្រី បានចេញពីគ្លីនិចវិលត្រឡប់ទៅ សម្រាកនៅផ្ទះវិញនៅថ្ងៃទី១៧ មេសា ២០២១ ៕

សម្ដេចតេជោ បញ្ជាឱ្យអាជ្ញាធរលុបបំបាត់ ការជួញដូរមនុស្ស និងរូបភាពអាសអាភាសកុមារ តាមប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រួសារ និងសហគមន៍ ត្រូវលើកកម្ពស់ បង្ការទប់ស្កាត់ លុបបំបាត់ការជួញដូរមនុស្ស និងរូបភាពអាសអាភាសកុមារ តាមប្រព័ន្ធអនឡាញ ដើម្បីធានាសុវត្ថិភាព ស្របតាមគោលការណ៍ ឧត្តមប្រយោជន៍ របស់កុមារ។

តាមរយៈសារលិខិតរបស់ រាជរដ្ឋាភិបាល ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្ដរជាតិ ១ មិថុនា ខួបលើកទី២០ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រាជរដ្ឋាភិបាល បន្ដប្ដេជ្ញាចិត្ត លើកកម្ពស់ការគោរពសិទ្ធិកុមារ និងផ្ដល់កិច្ចការពារយ៉ាងពេញទំហឹ ងនៅគ្រប់ស្ថានភាព ដោយបានបង្កើតនូវ យន្ដការជាច្រើន ក្នុងការគ្រប់គ្រង និងផ្ដល់សេវាដល់មុខសញ្ញាកុមារ ទូទៅ កុមារ ងាយរងគ្រោះនិងកុមាររងគ្រោះ។

សម្ដេចតេជោ បន្ដថា តែទោះបីជាមានការខិតខំប្រឹងប្រែង យ៉ាងនេះហើយក៏ដោយ ក៏នៅមានកុមារមួយចំនួន កំពុងរស់នៅ ក្នុងស្ថានភាពងាយរងគ្រោះ និងរងគ្រោះ ព្រោះតែឪពុកម្ដាយ ឬអាណាព្យាបាល ធ្វើទេសន្តរប្រវេសន៍ និងបោះបង់ចោលរយៈពេលយូរ និងជាពិសេស ក្នុងការរស់នៅក្នុង ស្ថានភាពនៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលត្រូវការការគាំទ្រ និងអន្ដរាមន៍ ជាចាំបាច់ ដោយជំរុញ ការអនុវត្ត នូវគោលនយោបាយ និងបទដ្ឋាននានា ដែលផ្ដោតលើកិច្ចការពារ និងការគោរពសិទ្ធ មូលដ្ឋានរបស់កុមារ ក្នុងគោលដៅការពារ ឧត្តមប្រយោជន៍ របស់កុមារ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមស្នើដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ទាំងអស់ បន្ដពង្រឹងយន្ដការ សម្របសម្រួល ក្នុងការបង្ការទប់ស្កាត់ អន្ដរាគមន៍ និងការឆ្លើយតប លើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្ដល់សេវាយុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាព រវាងកុមារា និងកុមារី ព្រមទាំង បង្កើនឱកាស ស្មើភាពគ្នា ក្នុងកម្លាំងចលករ សង្គម សម្រាប់ជីវភាព សាធារណៈ ជីវភាពនយោបាយ សកម្មភាព សង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។

សម្ដេចតេជោ បញ្ជាក់ថា «អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ ត្រូវចូលរួមលើកកម្ពស់ការបង្ការ ទប់ស្កាត់ លុបបំបាត់ ការជួញដូរមនុស្ស និងរូបភាព អាសអាភាសកុមារ តាមរយៈក្នុងប្រព័ន្ធអនឡាញ និងក្រៅប្រព័ន្ធអន ឡាញក្នុងសហគមន៍ ដើម្បីធានាសុវត្ថិភាព ស្របតាមគោលការណ៍ ឧត្តមប្រយោជន៍ របស់កុមារ»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំង អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសិទ្ធិអំណាចដល់កុមារ ជាពិសេស កុមារី និងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរ សំខាន់ៗ ដែលអាចដោះស្រាយ ឬសគល់នៃការរើសអើង ការផាត់ចេញពីសង្គម និងភាពរងគ្រោះ និងងាយរងគ្រោះរបស់កុមារ (កុមារី កុមារ ជាជនជាតិដើមភាគតិច កុមារ មានពិការភាព)៕

លោក សយ សុភាព៖ មេដឹកនាំមិនស្របច្បាប់ខ្មែរ ត្រូវប្រយ័ត្នប្រយែង ប្រយ័ត្នដូចអ្នកកាសែត នៅបេឡារ៉ូស 

ភ្នំពេញ៖ ក្នុងនាមជាអ្នកចូលចិត្តតាមដាន ក៏ដូចជាវិភាគស្ថានការនយោបាយ ទាំងជាតិ-អន្តរជាតិលោក សយ សុភាព បានតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការចាប់ខ្លួនអ្នកកាសែត ប្រុសម្នាក់របស់ប្រទេសបេឡារ៉ូស ។ ដោយមើលស្ថានភាពទៅមិនខុសគ្នាពីលោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង ដែលបច្ចុប្បន្នលោកនៅតែអះអាងថា ខ្លួនជាមេដឹកនាំគណបក្សសង្រ្គោះជាតិនោះ លោក សយ សុភាព បានផ្ញើសារទៅថា ប្រយ័ត្នមានវាសនាដូចអ្នកកាសែត នៅបេឡារ៉ូស ។

“សូមផ្តាំទៅអតីតមេដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេសកុំព្រហើនភ្លេចខ្លួនប្រយ័ត្ន ដូចអ្នកកាសែតបេឡារ៉ូស”។ នេះជាការថ្លែងរបស់លោក សយ សុភាព នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

លោក សយ សុភាព បានលើកន័យប្រដូចលោក សម រង្ស៊ីទៅករណីព្រឹត្តិការណ៍បញ្ជាឲ្យយន្តហោះ ហោះឆ្លងកាត់ប្រទេសបេឡារ៉ូស កាលពីថ្ងៃ២៣ ឧសភា ។ ព្រឹត្តិការណ៍នេះបានធ្វើឲ្យមាន ចំណាប់អារម្មណ៍ទូទាំងពិភពលោក ជាពិសេស អាមេរិក និងសហភាពអឺរ៉ុប ខឹងសម្បារយ៉ាងខ្លាំង និងគំរាមដាក់ទណ្ឌកម្មប្រទេសបេឡារ៉ូស។

ក្នុងន័យនេះ លោកថ្លែងសង្កត់ធ្ងន់ទៅក្រុមប្រឆាំង រាជរដ្ឋាភិបាលកម្ពុជាថា ដូច្នេះសម្រាប់អ្នកប្រឆាំងទៅនឹង អាជ្ញាធររដ្ឋាភិបាលណាមួយ ក៏ត្រូវប្រុងប្រយ័ត្នផងដែរ កុំដេកភ្លេចខ្លួនថា គេមិនហ៊ានធ្វើអ្វីឲ្យសោះ។ ភ្លេចខ្លួនប្រយ័ត្នមកស្នាក់នៅសណ្ឋាគារព្រៃស ឬ សណ្ឋាគារគុកណាមួយនៅស្រុកខ្មែរ ។

ងាកមកនិយាយការចាប់ខ្លួនអ្នកកាសែត បេឡារ៉ូសនេះវិញម្តង ដោយសារខ្លួនជ្រកក្រោម អ្នកកាសែតហើយធ្វើសកម្មភាពភេវរកម្ម ប្រឆាំងនឹងអ្នកដឹកនាំប្រទេសបេឡារ៉ូស ដែលមានអាមេរិក និងអឺរ៉ុប នៅពីក្រោយដោយបានធ្វើឲ្យបេឡារ៉ូស កើតកាលាហលនាពេលកន្លងមក ក្រោយការបោះឆ្នោតផ្ទុះហិង្សាបាតុកម្ម តវ៉ាប្រឆាំងទៅនឹងប្រធានាធិបតី។

ការគំរាមរបស់អាមេរិក និងអឺរ៉ុប បង្ហាញថា ពួកគេជាអ្នកបង្កលូកដៃចូលផ្ទៃក្នុង ប្រទេសដទៃដែលវាខុសទៅនឹង អ្វីដែលពួកគេនិយាយពីសិទ្ធិ ប្រជាធិបតេយ្យដែលខ្លួនបង្ហាត់បង្រៀនគេ ។

សូមបញ្ជាក់ថា លោក Roman Protassevitch អាយុ២៦ឆ្នាំ ជាអតីតនិពន្ធនាយករបស់កាសែតប្រឆាំង បេឡាររ៉ូ ឈ្មោះ Nexta ដែលជាអ្នកកាសែតប្រឆាំងប្រធានាធិបតីបេឡារ៉ូស លោក លូកាឈិនកូ ក្រោយការបោះឆ្នោតឆ្នាំ២០២០ ដោយបានដើរតួនាទីសំខាន់ ក្នុងបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត។
លោកត្រូវបានចាប់ខ្លួនក្នុងពេល ធ្វើដំណើរតាមយន្តហោះរបស់ក្រុមហ៊ុន Ryanair ពីទីក្រុងអាថែន ប្រទេសក្រិច ទៅក្រុង Vilnius របស់ប្រទេសលីទុយអានីទីដែលលោក និងឪពុក-ម្តាយសុំសិទ្ធិជ្រកកោន គេចពីការតាមចាប់ខ្លួនរបស់ប្រធានាធិបតីបេឡារ៉ូស។ យន្តហោះត្រូវបង្ខំឲ្យចុះចតនៅទីក្រុង Minks ប្រទេសបេឡារុស នាថ្ងៃ២៣ ឧសភា ក្រោមហេតុផលមានគ្រឿងផ្ទុះក្នុងយន្តហោះ ដើម្បីចាប់ខ្លួនអ្នកកាសែតប្រឆាំងនេះ។

នៅពេលឃើញយន្តហោះបត់បែរក្បាលសំដៅទីក្រុង Minks លោក Roman Protassevitch ភ័យតក់ស្លុតខ្លាំងមែនទែន ប៉ុន្តែក្រោយដឹងថា លោកគ្មានជម្រើសអ្វីផ្សេង លោកក៏ត្រឡប់ស្ងៀមស្ងាត់មកវិញ និងនិយាយថា យន្តហោះត្រូវបង្ខំឲ្យចុះចត ដោយសារតែរូបលោក។ លោក Roman Protassevitch នៅបាននិយាយទៀតថា នៅបេឡារុស លោកត្រូវប្រឈមនឹងទោសប្រហារជីវិត។ នេះបើតាមការចុះផ្សាយរបស់វិទ្យុបារាំងនាថ្ងៃ២៣ ឧសភា ។

បើតាមវិទ្យុបារាំងដដែល នៅឆ្នាំមុន បេឡារុស ដែលមានប្រជាជនមិនដល់ ១០លាននាក់ ផង បានជួបប្រទះ បាតុកម្មភ្លូកទឹក ភ្លូកដី របស់ប្រជាជន ដើម្បីប្រឆាំងប្រធានាធិបតី បេឡារុស លោក Alexandre Loukachenko ដែលបានដឹកនាំបេឡារុស តាំងពីឆ្នាំ ១៩៩៤ និងដែលបានទាមទារថា ខ្លួនជាអ្នកឈ្នះឆ្នោតសាជាថ្មី កាលពីឆ្នាំ ២០២០ ៕

ដេនី ក្វាន់ ត្រូវម្ចាស់សណ្ឋាគារ សមុទ្រមាស លួចដាក់កាមេរ៉ា ក្នុងបន្ទប់នាង

ភ្នំពេញ ៖ តារាហ្វេសប៊ុកល្បី ឈ្មោះ អ្នកនាង ដេនី ក្វាន់ (Denny kwan) បានបង្ហោះសារបង្ហាញ ពីភាពអយុត្តិធម៌ ចំពោះខ្លួនឯង ដែលត្រូវបានម្ចាស់សណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានលួចបង្កប់កាមេរ៉ា នៅក្នុងបន្ទប់ ដែលនាងជួលស្នាក់នៅ ។

បើតាមអ្នកនាង Denny kwan រឿងលួចបង្កប់កាមេរ៉ា ដាក់ក្នុងបន្ទប់នាងស្នាក់នៅនេះ បានកើតឡើងតាំងពីអំឡុងខែតុលា ឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែនាងទើបបង្ហាញ ឲ្យសាធារណជនបានដឹង តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។

នាងបន្តថា មូលហេតុដែលនាងមិនឡាយ ឲ្យសាធារណជនបានដឹងភ្លាមៗ ក្រោយកើតហេតុ ដើម្បីរង់ចាំដំណោះស្រាយល្អ ជាមួយម្ចាស់សណ្ឋាគារ តែរហូតមកទល់ពេលនេះ មិនមានលទ្ធផលល្អ សម្រាប់ខ្លួនឡើយ ដោយម្ចាស់សណ្ឋាគារ បានឲ្យសំណងដល់នាង១ម៉ឺនដុល្លារ ។ ចំណុចនេះ នាងបង្ហាញសារឈឺចាប់ថា អយុត្តិធម៌សម្រាប់ខ្លួនឯង ។

នាងថា “សំណងលុយ ១ម៉ឺនដុល្លារនេះ ដូចជាមើលងាយកិត្តិយសខ្ញុំ ជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់” ៕

មេសហជីព ស្នើឱ្យរោងចក្រទាំងអស់ក្នុងខេត្តស្វាយរៀង ផ្អាកសកម្មភាពការងារ មួយរយៈ ក្រោយរកឃេីញកម្មករ ឆ្លងកូវីដជាបន្តបន្ទាប់

ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធាន សហជីព បានធ្វើការស្នើដល់រោងចក្រទាំងអស់ ក្នុងខេត្តស្វាយរៀង គួរផ្អាកសកម្មភាពការងារមួយរយៈសិន ក្រោយរកឃើញកម្មករមានវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់។

តាមរយៈ គេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា «ការរកឃើញបងប្អូនកម្មករ មានវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ នៅតាមរោងចក្រ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស មួយចំនួន ស្ថិតក្នុងខេត្តស្វាយរៀង វាជាសញ្ញាដែលគួរអោយបារម្ភជាទីបំផុត ហើយ ស្ថានភាពនេះ នឹងកាន់តែធ្ងន់ធ្ងរ ដូច្នេះ ខ្ញុំស្នើអោយថ្នាក់នាំខេត្តស្វាយរៀង មេត្តាពិចារណា ផ្អាកសកម្មភាពការងាររោងចក្រទំាងអស់ នៅក្នុងខេត្ត មួយរយៈ ដើម្បីកាន់បន្ថយការរីករាលដាល នៃជម្ងឺកូវីដ»។

សូជម្រាបថា ដោយភ័យខ្លាចឆ្លងជំងឺកូវីដ១៩ កម្មករ-កម្មការីនី ប្រមាណ១ពាន់នាក់ នាំគ្នាសម្រុកចេញ ពីកន្លែងធ្វើតេស្ដសំណាក ក្នុងរោងចក្រ តម្លើងកង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង ក្រោយអាជ្ញាធរសម្រេច ធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងនោះរកឃើញ ជំហានដំបូងជិត៦០នាក់ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ប្រជាពលរដ្ឋ អ្នកបើកបររថយន្តដឹកកម្មករ ទាំងអស់ជ្រាបថា វេលាម៉ោង ៣:៥០នាទី នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្មករ-កម្មការិនី រោងចក្រតម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានត្រលប់ទៅលំនៅដ្ឋានវិញនាល្ងាចនេះ សូមធ្វើចត្តាឡីស័កតាមដានសុខភាពរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជូន៕

អាជ្ញាធររាជធានី សម្រេចកំណត់បន្ថែម តំបន់មួយចំនួនជា តំបន់លឿងទុំ ខណៈមានអ្នកឆ្លង កើនឡើង

ភ្នំពេញ៖​ រដ្ឋបាលសាលារាជធានី នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានអត្រាការឆ្លងកើនឡើងថ្មី ជា “តំបន់លឿងទុំ” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕

សម្ដេចតេជោ៖ កម្ពុជា បើកឲ្យដំណើរការឡើងវិញ តំបន់ទេសចរណ៍ពិតមែន តែត្រូវរៀនរស់តាមបែបគន្លងថ្មី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើទោះបីជាកម្ពុជា បានបើកឲ្យដំណើរការឡើងវិញ នូវទីតាំងទេសចរណ៍នានាក៏ពិតមែន តែត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ ។

ការរៀនរស់នៅតាមបែបគន្លងថ្មី ដែលសម្តេចតេជោសំដៅដល់នោះ គឺការចូលរួមថែរក្សាសុខភាព និងអនាម័យផងដែត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា «ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជាយើង បានបន្ធូរបន្ថយ ដោយបើកឲ្យមានការដើរកម្សាន្ត ឬបើកដំណើរការឡើងវិញនូវទីតាំងទេសចរណ៍នានាក៏ពិតមែន តែក៏សូមផ្តាំថា កុំភ្លេចអនុវត្តវិធាន៣កុំ ៣ការពារឲ្យបានជាប់លាប់ និងរៀនរស់នៅតាមបែបគន្លងថ្មី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ និងបង្កាការរីករាលដាល ឆ្លងចូលសហគមន៍ជាទ្រង់ទ្រាយធំ នៃមេរោគកូវីដ១៩»។

សម្តេចតេជោបន្តថា ទេសចរណ៍ត្រូវបានគេចាត់ទុកជា ឧស្សហកម្មគ្មានផ្សែង។ សម្តេចថា ចាប់តាំងពីវិបត្តិជំងឺកូវីដ១៩មក វិស័យទេសចរណ៍ទូទាំងពិភពលោក ក៏ដូចជាកម្ពុជាបានថយចុះយ៉ាងខ្លាំង មកទល់បច្ចុប្បន្ននេះ ៕

អភិបាលខេត្តស្វាយរៀង ៖ ក្រុមកម្មករ សម្រុកចេញ ពីកន្លែងធ្វើការ មកពីពួកគាត់យល់ច្រឡំ ស្មានយកសំណាក

ភ្នំពេញ ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានធ្វើការបកស្រាយថា កម្មករ-កម្មការិនី ជាច្រើនរូបនាំគ្នាសម្រុកចេញ ពីកន្លែងធ្វើការងាររបស់ខ្លួន កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយសារមកពីពួកគាត់ យល់ច្រឡំស្មានថា ក្រុមគ្រូពេទ្យមកយកសំណាកពួកគាត់ ក្រោយរោងចក្រក្បែរនោះ មានកម្មករឆ្លងជំងឺកូវីដ១៩ ។

អភិបាលខេត្តស្វាយរៀងបន្ដថា ការសម្រុកចេញពីកន្លែងការងារនោះ ក៏ស្របពេលពួកគាត់ ដល់ម៉ោងចេញពីធ្វើការ។

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានកម្មករ-កម្មការិនី ជាច្រើនរយនាក់បាននាំគ្នា សម្រុកចេញពីរោងចក្រមួយកន្លែង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីក្រុមគ្រូពេទ្យ រកឃើញកម្មកររោងចក្រ អេ អេន ជេ ខេមបូឌា (A and J) ចំនួន៥៤នាក់ មានវិជ្ជមានកូវីដ១៩។

លោក ម៉ែន វិបុល ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះថា ក្រុមគ្រូពេទ្យទៅយកសំណាកកម្មករនៅរោងចក្រ A and J ក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន១០៨នាក់ ហើយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៤នាក់ ក្រោយមកក្រុមគ្រូពេទ្យ ក៏បានដឹកយកទៅព្យាបាលភ្លាមៗ ផងដែរ។

លោកឲ្យដឹងទៀតថា កម្មករ-កម្មការិនី នាំគ្នាសម្រុកចេញពីកន្លែងធ្វើការងារនោះ មិនមែនរោងចក្រ A and J ឡើយ គឺពួកគាត់នៅរោងចក្រផ្សេងគ្នា គ្រាន់តែស្ថិតនៅក្បែរនោះដែរ។

អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានបញ្ជាក់ថា «ពួកគាត់យល់ច្រឡំ ព្រោះគ្រូពេទ្យយកសំណាក តែរោងចក្រ A and J ហើយរោងចក្រផ្សេងទៀត មិនយកសំណាកឡើយ ពួកគាត់យល់ច្រឡំថា ស្មានគេយកសំណាក ពួកគាត់ទៀត ហើយស្របពេលដល់ម៉ោង ពួកគាត់ចេញពីធ្វើការងារដែរ»៕

ក្រសួងយុត្តិធម៌ ៖ បង្កប់កាមេរ៉ាក្នុងបន្ទប់គេង នៅសណ្ឋាគារ ឬផ្ទះសំណាក់ ជាអំពើល្មើសច្បាប់ រំលោភបំពានសិទ្ធិ និងជីវិតឯកជន

ភ្នំពេញ ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និង ជាអនុប្រធាន គណៈកម្មាធិការ សិទ្ធិមនុស្ស កម្ពុជា បានថ្លែងថា ការបង្កប់កាមេរ៉ា ក្នុងបន្ទប់គេង នៅសណ្ឋាគារ ឬផ្ទះសំណាក់ ដើម្បីថតសកម្មភាព របស់ភ្ញៀវ ដែលចូលទៅសម្រាកនៅទីនោះ ជាទង្វើល្មើសនឹងច្បាប់ រំលោភបំពានលើសិទ្ធិ និងជីវិតឯកជន របស់អ្នកដទៃ។

លោកលើកឡើងបែបនេះ ក្រោយពី អ្នកនាង ដេនីក្វាន់ កាល ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ចេញរូបភាព និងវិដេអូ ដែលម្ចាស់សណ្ឋាគារ សមុទ្រមាស នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុបានបង្កប់កាមេរ៉ា ក្នុងបន្ទប់នាងជួលស្នាក់នៅ កាលពីថ្ងៃ២៥ ខែតុលា ឆ្នាំ២០២០ ប៉ុន្តែក្រោយកើតហេតុ ភ្លាម ម្ចាស់សណ្ឋាគារសមុទ្រមាស ឈ្មោះ ជា ណារី ភេទស្រី អាយុ ៤៨ ឆ្នាំមានទីកន្លែងកំណើត នៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ក៏ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការដាក់បង្កប់កាមេរ៉ា ក្នុងបន្ទប់សណ្ឋាគាររបស់ខ្លួន ព្រមទាំងបិទសណ្ឋាគារផងដែរ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានបញ្ជាក់ថា «ការបង្កប់កាមេរ៉ា ក្នុងបន្ទប់គេងនៅសណ្ឋាគារ ឬផ្ទះសំណាក់ ដើម្បីថតសកម្មភាព របស់ភ្ញៀវ គឺទង្វើនេះវាជាអំពើល្មើសនឹងច្បាប់ រំលោភបំពានលើសិទ្ធិ និងជីវិតឯកជនរបស់បុគ្គល ដែលការពារដោយច្បាប់» ។

យ៉ាងណាក៏ដោយ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក៏បានគូសបញ្ជាក់ថា ចំពោះការកំណត់ពីបទល្មើស និងទោសទណ្ឌនៃអំពើនេះ គឺតុលាការជាអ្នកសម្រេច ៕

To Top