ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យបញ្ឈប់ស្នើចាក់វ៉ាកសាំងកូវីដ-១៩ កន្លែងនេះ បន្ដិច នៅកន្លែងនោះបន្ដិច ព្រោះបើធ្វើដូច្នេះ មិនអាចទទួលជោគជ័យ ឬបង្កើតភាពស៊ាំ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឡើយ ខណៈ ផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល គឺចាក់ឱ្យបានគ្រប់ៗគ្នា។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិ បាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស ចំនួន ២,៤៦៤,៨៣៥នាក់។
តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កម្ពុជាដាក់ចេញយុទ្ធសាស្ដ្រផែនការមេ សម្រាប់ដំណើការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ។
សម្ដេចតេជោ បន្ដថា នាពេលកន្លងមកមានការស្នើសុំការចាក់វ៉ាក់សាំង តាមបណ្ដាខេត្ត និងតាមបណ្ដាក្រសួង និងចាក់ តាមវិស័យ ដូចជា វិស័យទេសចរណ៍ ឬក្រុមហ៊ុន ជាដើម ដើម្បីចាក់វ៉ាក់សាំងឱ្យបុគ្គលរបស់ខ្លួន។ ប៉ុន្តែសម្តេច បានបដិសេ ធនូវការស្នើសុំទាំងនេះ ខណៈសម្តេចថា ផែនការមេដែលដាក់ចេញនោះ ជាយុទ្ធសាស្ត្រ នៃដំណើរការចាក់វ៉ាក់សាំង និងជាយុទ្ធសាស្ត្រផ្ការីក ដែលចាក់ពីក្នុងចេញក្រៅ។
សម្ដេចតេជោ មានប្រសាសន៍ថា «សម្ដេច ឯកឧត្តម លោកជំទាវ បណ្ដាស្ថាប័ន ក៏ដូចជា អភិបាលរាជធានី-ខេត្ត ឱ្យជ្រាបថា យើងមិនអាចប្រើវ៉ាក់សាំងកន្លែងនេះបន្ដិច កន្លែងនោះបន្ដិចបានទេ បើធ្វើយ៉ាងដូច្នេះ យើងហ្នឹងមិនទទួលបានផល ក្នុងបញ្ហាចាក់វ៉ាក់សាំងនេះទេ»។
សម្ដេចតេជោ បន្ដថា ការចាក់រាជធានីភ្នំពេញ ជាអាទិភាពខ្ពស់បំផុត បន្ទាប់មកចាក់ទីប្រជុំជនក្នុងខេត្តកណ្តាល។ បន្ទាប់ទៅទៀត ទើបចេញទៅតំបន់ទីប្រជុំជន ដែលមានមនុស្សកកកុញតាមបណ្តាខេត្ត និងតំបន់ដែលមានកម្មករ រស់នៅច្រើន។
សម្ដេចតេជោ បន្ថែមថា រហូតដល់ពេលនេះ រាជធានីភ្នំពេញ អាចចាក់ទុកថា មានមនុស្សទៅចាក់វ៉ាក់សាំង ប្រមាណជា ៥០ទៅ៦០ភាគរយ រូចទៅ ដូច្នេះភាពស៊ាំនៅរាជធានីភ្នំពេញ កាត់បន្ថយបាននូវការឆ្លងជំងឺកូវីដ-១៩ ហើយប្រសិនបើឆ្លងកាត់បន្ថយបាននូវការស្លាប់។
សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំស្នើឱ្យ សម្ដេច ឯកឧត្តម លោកជំទាវ ដែលជារដ្ឋមន្ដ្រី តាមស្ថាប័ននានា អភិបាលរាជធានី-ខេត្ត បញ្ឈប់នូវការស្នើសុំមកខ្ញុំ ទៅលើការចាក់វ៉ាក់សាំង នៅកន្លែងនេះបន្ដិច នៅកន្លែងនោះបន្ដិច យើងមានរាជរដ្ឋាភិបា លដាក់ចេញយុទ្ធសាស្ដ្រនៃការចាក់វ៉ាក់សាំង»។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា នៅខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ វ៉ាក់សាំងកូវីដ-១៩ ប្រមាណជា ៤លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជា។ សម្ដេចថា នឹងចាក់វ៉ាក់សាំងឱ្យបានយ៉ាងហោចណាស់ ៥លាន ទៅ ៦លាននាក់ មុនដល់បំណាច់ឆ្នាំ២០២១នេះ ខណៈ ផែនការចាក់វ៉ាក់សាំង ឲ្យបាន ១០លាននាក់ នៅឆ្នាំ២០២២។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៨,២៣៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន២០,៩០០នាក់ និងអ្នកស្លាប់ ចំនួន១៩៦នាក់៕