ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ណែនាំការបង្រៀន និងរៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់គ្រឹះស្ថាន បឋមសិក្សាសាធារណៈ

ភ្នំពេញ ៖ ដើម្បីធានាបន្ដការសិក្សា របស់សិស្សានុសិស្ស នៅបឋមសិក្សា ក្នុងពេលដែលសាលារៀន ផ្អាកដំណើរការ លោក ហង់ ជួនណារុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះស្ថាន បឋមសិក្សាសាធារណៈទូទាំងប្រទេស អាចពិនិត្យលទ្ធភាព អនុវត្តការបង្រៀន និងរៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក ឬរៀនតាមបណ្ដុំតូចៗ អាស្រ័យលើស្ថានភាព និងធនធាន ក្រោមការច្នៃប្រឌិត របស់ លោកគ្រូ-អ្នកគ្រូ តាមមូលដ្ឋាន ។

តាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោក ហង់ ជួនណារុន បានឱ្យដឹងថា មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត អាចចេញសេចក្ដីណែនាំបន្ថែមស្ដីពី ការអនុវត្តសេចក្ដីណែនាំរួមនេះ ទៅតាមស្ថានភាពជាក់ស្ដែង ។

លោក ក៏បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ គ្រប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំង គណៈកម្មការគ្រប់គ្រង សាលារៀន/គណៈកម្មការ ទ្រទ្រង់សាលារៀន ស្ដីពីការបន្ដដំណើរការការបង្រៀន និងរៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ៕

To Top