ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ តើយុវជនត្រូវត្រៀមខ្លួនដូចម្តេច ដើម្បីសម្របខ្លួនក្នុងយុគ្គសម័យ បច្ចេកវិទ្យា?

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានសង្កេតឃើញថា មានកិច្ចការងារជាច្រើន ដែលកម្ពុជាត្រូវការ បំពេញ និងចូលរួមពីភាគីពាក់ព័ន្ធរួមទាំងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីឲ្យ សម្រេចបាននូវការអនុវត្តប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថល។

តាមរយៈគេហទំព័រហ្វេសប៊ុក នាយកដ្ឋានព័ត៌មានវិទ្យា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចការងារ ដែលគួរយកចិត្តទុកដាក់ គឺការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំពេញតម្រូវការ ក្នុងការអនុវត្តយន្តការនានា ដែលបានដាក់ចេញក្នុងផែនការសកម្មភាព រួមទាំងធនធានមនុស្សក្នុងការបំពេញកិច្ចការងារផ្សេងៗ ក្នុងចរន្តសេដ្ឋកិច្ចឌីជីថល។

នាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់ថា «ដូច្នេះហើយយុវជនកម្ពុជា កំពុងទទួលយកនូវចំណេះដឹងថ្មីៗអំពីបច្ចេកវិទ្យា ក្នុងគោលបំណងពង្រីកពុទ្ធិចំណេះជំនាញ និងចំណេះដឹងទូទៅ ដើម្បីឲ្យដើរទាន់បរិបទនៃសង្គមបច្ចេកវិទ្យាក្នុងប្រទេស ក៏ដូចជានៅក្នុងតំបន់ផងដែរ»។

ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងទីផ្សារការងារ និងចូលរួមអភិវឌ្ឍជាតិ យុវជនកម្ពុជាគប្បី ដូចជា ៖ បន្តខិតខំពង្រឹង និងក្រេបជញ្ជក់ចំណេះដឹងមូលដ្ឋាន (ថ្នាក់មធ្យមសិក្សា និងឧត្តមសិក្សា) ,បន្តខិតខំពង្រឹងចំណេះដឹងជំនាញវិជ្ជាជីវៈ ឯកទេស បន្តអនុវត្តដើម្បីបង្កើនប្រសិទ្ធភាពការងារ និងជួសជុលចំណុចខ្វះខាត (បទពិសោធន៍) ,បន្តខិតខំសិក្សាពង្រឹងចំណេះដឹងភាសាបរទេស (តួយ៉ាង ភាសាអង់គ្លេស ជាដើម) ,បន្តចូលរួមអភិវឌ្ឍសហគមន៍ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ ,បន្តប្រកាន់យកនូវសេចក្តីថ្លៃថ្នូរ សីលធម៌ សុជីវធម៌ សាមគ្គីភាព ក្នុងការប្រតិបត្តិក្នុងគ្រួសារ សហគមន៍ និងប្រទេសជាតិ និងប្រកាន់ទំលាប់អាន ទំលាប់សិក្សាស្រាវជ្រាវ និងទំលាប់ចែករំលែក៕

To Top