ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា បានបញ្ចេញប្រតិកម្ម ជាខ្លាំង ចំពោះការប្រមាថមើលងាយ ក្រុមកម្មករ-កម្មការិនី ទៅនឹងសត្វធាតុ ពីសំណាក់លោក ផែង វណ្ណៈ ។ បើតាមលោក ប៉ាវ ស៊ីណា នេះ គឺជាប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដោយមិនអាចទទួល យកបានឡើយ។
កាលពីថ្ងៃ២៦ ឧសភា កម្មករ-កម្មការិនីរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង១ ស្ថិតនៅភូមិតាពៅ សង្កាត់ បាវិត ក្រុងបាវិតបាននាំគ្នា សម្រុកចេញពីកន្លែងធ្វើការនោះ ដោយសារពួកគាត់ជឿ តាមការញុះញង់ និងការបំផុសបំផុល ពីសំណាក់មនុស្ស មួយចំនួន ក្រោយពីអាជ្ញាធរណែនាំរឿង យកសំណាកពិនិត្យជំងឺកូវីដ-១៩។
កើតរឿងប៉ុន្មានថ្ងៃមក លោក ផែង វណ្ណៈ បានឡាយក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនដោយបានលើកពីករណីកម្មករនៅស្វាយរៀងនេះ ។ លោកបាននិយាយថា «រឿងអីនាំគ្នាធ្វើចឹង ហេតុអីបានពួកគាត់គ្មានខួរជាមនុស្ស ហាក់ដូចជាល្ងង់ពេក គេពន្យល់ គេប្រាប់ គេអប់រំ អត់ស្ដាប់ ចេញដូចហ្វូងគោ អន់ជាងគោ អន់ជាងក្របីទៀត»។
ដោយសារចំណុច មើលស្រាលកម្មករយ៉ាងនេះ ធ្វើឲ្យលោក ប៉ាវ ស៊ីណាដែលជាមេសហជីព មិនអាចទទួលយកបានឡើយ ។ លោក ប៉ាវ ស៊ីណា តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកនាថ្ងៃ៣០ ឧសភា បានថ្លែងថា «ការប្រមាថមើលងាយ កម្មករទៅនឹងសត្វធាតុ ពីសំណាក់លោក ផែង វណ្ណៈ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ។ ខ្ញុំមិនគាំទ្រចំពោះសកម្មភាព របស់បងប្អូនកម្មករ ដែលមិនចូលរួមសហការ ជាមួយអាជ្ញាធរនោះទេ តែលោកគួរប្រើភាសា ឲ្យបានសមរម្យ ក្នុងនាមលោកដែលគិតថា ខ្លួនឯង មានចំណេះដឹង ច្រើន ជាងកម្មករ ដើម្បីរួមចំណែកជាមួយអាជ្ញាធរ ពាក់ព័ន្ធក្នុងផ្សព្វផ្សាយ និងពន្យល់បន្ថែម ដល់ពួកគាត់ វាប្រសើរជាងការប្រើភាសាប្រមាថ មើលងាយពួកគាត់ទៅសត្វធាតុ” ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជារូបនេះ ក៏បានចោទសួរទៅលោក ផែង វណ្ណៈថា តើខ្លួនលោកផ្ទាល់ដែលធ្លាប់បានប្រព្រឹត្តកំហុសទេ? ។
សូមបញ្ជាក់ថា លោក ផែង វណ្ណៈត្រូវបានគេដឹងថា ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលុបចោលអាជ្ញាបណ្ណ សារព័ត៌មាន របស់លោកម្តងហើយ កាលពីប៉ុន្មានខែមុន ដោយសារតែពាក្យសំដី របស់លោកបានប្រើប្រាស់ប្រព័ន្ធសង្គម ហ្វេសប៊ុក និយាយវាយប្រហារខ្លាំងៗ ទៅលើព្រះចៅអធិការវត្តមួយអង្គ ក្នុងខេត្តសៀមរាប ដែលដាក់ពិន័យវាយលោកនេន៣អង្គនឹងរំពាត់ ។
តែដោយសារ លោក ផែង វណ្ណៈ បានដឹងកំហុស ហើយសុំទោលជាសាធារណៈនោះ ក្រសួងក៏បានផ្ដល់ អាជ្ញាបណ្ណសារព័ត៌មានឲ្យវិញ ៕