ព័ត៌មានជាតិ

រដ្ឋមន្ដ្រីបរិស្ថាន ៖ សហគមន៍ជាដៃគូ សន្ទនា ជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាព គ្រប់គ្រងធនធានធម្មជាតិ

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការបង្កើតបណ្តាញ សហគមន៍នៅតាមតំបន់ ការពារធម្មជាតិ ជាដៃគូសន្ទនា រវាងប្រជាសហគមន៍ និងរាជរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរយោបល់ស្វែង រកដំណោះស្រាយរួមគ្នា ផ្តល់ការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងនិង ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ឲ្យមាននិរន្តរភាព ។

ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់ម៉ូតូជូនគណៈកម្មាធិការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ នាថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២១ លោក សាយ សំអាល់ បានថ្លែងថា «ក្រសួងបរិស្ថាននឹងខិតខំពង្រឹងភាព ជាដៃគូដ៏ល្អ ក្នុងការកសាងសហគមន៍ឲ្យមានការរីកចម្រើន ហើយភាពជាដៃគូសហការនេះ មានសារៈសំខាន់ដែលផ្តល់ឱកាសឲ្យសហគមន៍តំបន់ការពារធម្មជាតិ អាចផ្លាស់ប្តូរបទពិសោធន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរវឌ្ឍន៍ជីវភាពសហគមន៍ និងអាចលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់»។

លោក បានលើកទឹកចិត្តឲ្យសហគមន៍ ជំរុញផលិតកម្មអាហារនៅតាមមូលដ្ឋាន ជាពិសេសពង្រឹងលើធនធានអ្វីដែល សហគមន៍មានស្រាប់ ដូចជាការដាំដុះដំណាំរួមផ្សំផ្សេងៗ និងការចិញ្ចឹមសត្វ ដែលជួយឲ្យគ្រួសារប្រជាសហគមន៍ មានស្បៀងអាហារបរិភោគគ្រប់គ្រាន់ មានសុខភាពល្អបរិបូណ៍ មានកម្លាំងប្រាជ្ញាវាងវៃ និងបង្កើនជីវភាពគ្រួសារតាមរយៈ ការលក់ចេញផលិតផលនានា ទៅកាន់ទីប្រជុំជន ទៅកាន់ទីផ្សារនានានៅរាជធានីភ្នំពេញបន្ថែមទៀត។

លោក បន្ថែមថា សហគមន៍មួយចំនួន មានសក្តានុពលក្នុងការបង្កើតជាទេសចរណ៍ធម្មជាតិ ដែលអាចជួយឱ្យប្រជាពលរដ្ឋ មូលដ្ឋានមានសេដ្ឋកិច្ចរឹង មាំមួយកម្រិតទៀត តារយៈការផ្តល់សេវាទេសចរណ៍ល្អ ដូចជា ម្ហូបអាហារ បន្លែ ត្រី សាច់ និងវត្ថុអនុស្សាវរីយ៍ ជូនដល់អ្នកទេសចរណ៍ផងដែរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដំណើរការរៀបចំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់តំបន់ និងថ្នាក់ជាតិ និងបានជួយបណ្តុះបណ្តាលការរៀបចំ គ្រប់ក្រង ផ្តល់សម្ភារៈ ពូជសត្វ ជាបន្តបន្ទាប់ជូនដល់សហគមន៍មួយចំនួន ដើម្បីពង្រឹងជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន៕

To Top