ព័ត៌មានជាតិ

ដាក់ឲ្យដំណើរការ ច្រកអន្តរជាតិ ម៉ឺនជ័យ-តិនណាម ជាបណ្ដោះអាសន្ន

ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសដាក់ឲ្យដំណើរការ ច្រកអន្តរជាតិម៉ឺនជ័យ-តិនណាម ជាបណ្ដោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត នៃខេត្តព្រៃវែង (កម្ពុជា) និង ខេត្តតៃនិញ (វៀតណាម) ដើម្បីផ្លាស់ប្តូរេពាណិជ្ជកម្ម ជាមួយគ្នាទៅវិញទៅមក ។ នេះបើតាមរដ្ឋបាលខេត្តព្រៃវែង ។

កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ជា សុមេធី អភិបាលខេត្តព្រៃវែង លោក សួស ប្រាថ្នា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

លោក ជា សុមេធី បានលើកឡើងថា ការតម្លើងកម្រិត ច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ ដើម្បីបង្ករភាពងាយស្រួល និងលើកកម្ពស់ដល់ការ ធ្វើដំណើរចេញចូលឆ្លង កាត់ព្រំដែន ការផ្លាស់ប្តូរទំនិញ កសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិន ក្នុងនិងក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋ ខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញ កាន់តែល្អប្រសើរ និងពង្រឹងជម្រុញកិច្ច សហប្រតិបត្តិការ លើការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាព។

ច្រកទ្វារនេះត្រូវ បានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើង ពីកម្រិតច្រកទ្វារតំបន់ ទៅជាច្រកទ្វារព្រំដែន-អន្តរជាតិ កាលពីខែមេសា ឆ្នាំ ២០១៤ ។ ចំណែកភាគីវៀតណាម បានឯកភាព និងបំពេញនីតិវិធីផ្ទៃក្នុង ក្នុងការប្រែក្លាយច្រកតិនណាម ទៅជាច្រកទ្វារអន្តរជាតិ កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩។
ច្រកទ្វារព្រំដែន ម៉ឺនជ័យ មានទីតាំងនៅ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ជាប់ច្រកទ្វារតំបន់ព្រំដែន តិនណាម ខេត្តតៃនិញ ប្រទេសវៀតណាម៕

To Top