ភ្នំពេញ៖ លោកស្រី Windy R. Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានលើកឡើងថា អាមេរិកគាំទ្រប្រជាជនកម្ពុជា ដោយមានបំណងប្រាថ្នា ដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិរបស់ពួកគេ ក្នុងការអនុវត្តសេរីភាពជាមូលដ្ឋាន។

ក្រោយបញ្ចប់ជំនួបពិភាក្សា ការងារជាមួយលោក កឹម សុខា នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ លោកស្រីអនុរដ្ឋមន្រ្តីមានប្រសាសន៍ថា «ខ្ញុំជួបលោក កឹម សុខា និងបានពិភាក្សាបញ្ហាដែលមានសារសំខាន់រួម ដោយរួមបញ្ចូលទាំងការធានា ឲ្យអនាគតប្រកដោយសន្តិភាព វិបុលភាព អធិបតេយ្យ និងប្រជាធិបតេយ្យសម្រាប់ទេសកម្ពុជា។ សហរដ្ឋអាមេរិកគាំទ្រប្រជាជនកម្ពុជា បំណងប្រាថ្នារបស់ពួកគេ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិរបស់ពួកគេ ដើម្បីអនុវត្តសេរីភាពជាមូលដ្ឋាន»។ នេះបើតាមហ្វេសប៊ុករបស់លោក មុត ចន្ថាមនុស្សជំនិតលោក កឹម សុខាដែលបានដកស្រង់ របស់ប្រសាសន៍លោកស្រី។

គួរកត់សម្គាល់ថា ក្នុងដំណើរទស្សកិច្ចរយៈពេលខ្លីមកកម្ពុជា ក្រៅពីជំនួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកស្រី Windy R. Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក ក៏បានជួបជាមួយអង្គការសង្គមស៊ីវិល និងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយផងដែរ ៕
