ព័ត៌មានជាតិ

អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ៖ មូលដ្ឋានយោធាចិននៅកម្ពុជាអាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា

ភ្នំពេញ ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោកចូ បៃឌិន ប្រធានាធិបតីអាមេរិកថ្មីក្នុងការកាន់តំណែងជាង៤ខែមកនេះ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងបានសម្តែងក្តីបារម្ភរបស់ខ្លួនចំពោះវត្តមានមូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយនៅកម្ពុជា ។

ដោយលោកស្រីអះអាងថា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏គំរាមកំហែងសន្តិសុខតំបន់ ជាពិសេសប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងអាមេរិក-កម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ។ លោកស្រីបានបំពេញទស្សនកិច្ចនៅកម្ពុជាត្រឹមរយៈពេលខ្លីពោលត្រឹមមួយថ្ងៃ នាថ្ងៃ១ មិថុនា ។

ប៉ុន្តែសម្តេច ទៀ បាញ់ បានថ្លែងថា កម្ពុជាគ្មានភ័យបារម្ភចំពោះចិនឈ្លបយកការណ៍សម្ងាត់នៅតំបន់នោះ ហើយក៏គ្មានខ្វល់ចំពោះការរិះគន់ពីភាគីណាមួយដែរ។

ក្នុងដំណើរទស្សនកិច្ចដ៏កម្រនៅកម្ពុជានេះ លោកស្រីបានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបលោក កឹម សុខា និងក្រុមអង្គការសង្គមស៊ីវិលផងដែរ។ មុនឈានចូលមកទស្សនកិច្ចនៅកម្ពុជា លោកស្រីបានទៅទស្សនកិច្ចនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ានដោយចំណាយពេលជាង២០ថ្ងៃមកហើយ។ ចេញពីកម្ពុជាលោកស្រីបន្តទៅប្រទេសថៃទៀត ។

តាមការចេញផ្សាយរបស់ទូតអាមេរិកដដែលនាថ្ងៃ២ មិថុនាបានឲ្យដឹងថា “លោកស្រីអនុរដ្ឋមន្រ្តីការបរទេស Sherman បានសម្តែងកង្វល់ជាខ្លាំងលើវត្តមានយោធារបស់សាធារណរដ្ឋប្រជាមានិតចិន និងការកសាងទីតាំងនៅមូលដ្ឋានជើងទឹករាម ក្នុងឈូងសមុទ្រថៃ។ លោកស្រីបានសុំការបំភ្លឺលើការវាយ កំទេចអគារចំនួន២ដែលបានទទួល ជំនួយថវិកាពីសហរដ្ឋអាមេរិកនៅរាម ដោយគ្មានការជូនដំណឹង ឬការពន្យល់ជាមុន ហើយបានសង្កេតឃើញថា មូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយនៅកម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា” ។

ជាមួយគ្នានេះ លោកស្រីអនុរដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំកម្ពុជារក្សាគោលនយោបាយការបរទេសដែលមានតុល្យភាព និងឯករាជ្យ ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជនកម្ពុជា។

មជ្ឈមណ្ឌលដើមអម្ពិលនាថ្ងៃទី២ មិថុនា បានជួបសំភាសន៍សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តាមរយៈប្រព័ន្ធទូរស័ព្ទ ដើម្បីសុំការឆ្លើយតបចំពោះកង្វល់របស់លោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក ប៉ុន្តែសម្តេចប្រាប់ថា សម្តេចកំពុងជាប់ប្រជុំ ។

ប៉ុន្តែក្នុងបទសំភាសន៍ជាមួយវិទ្យុអាស៊ីសេរីចេញផ្សាយនាថ្ងៃ២ មិថុនា វិញសម្តេច ទៀ បាញ់បានថ្លែងថា កម្ពុជាបានអនុញ្ញាតឲ្យមិត្តចិនអភិវឌ្ឍន៍តំបន់កំពង់ផែកងទ័ពជើងទឹករាម ក្រោយវាយកម្ទេចចោលអគារជំនួយអាមេរិកកាលពីឆ្នាំមុនប្រាកដមែន ហើយសម្ដេចគូសបញ្ជាក់ថា កម្ពុជាពុំព្រួយបារម្ភរឿងចិនអាចឈ្លបយកការណ៍សម្ងាត់នៅតំបន់នោះ ឬការរិះគន់ណាមួយពីភាគីសហរដ្ឋអាមេរិកជុំវិញការអនុញ្ញាតឲ្យចិនអភិវឌ្ឍន៍កំពង់ផែ កងទ័ពជើងទឹករាមនេះឡើយ។

សម្តេចថា ក្រោយការសាងសង់ទីតាំងអាគារនៅតំបន់រាមហើយភាគីចិនប្រគល់ឲ្យកម្ពុជាគ្រប់គ្រង។

សម្ដេចបញ្ជាក់ថា «មិនមានមូលហេតុចាំបាច់ឲ្យខ្ញុំនិយាយស្អី ពីព្រោះអ្នកផ្សេងគឺខំនិយាយទៅហួសឆ្ងាយពីខ្ញុំឆ្ងាយណាស់ថា អាហ្នុងគឺបានប្រគល់ទៅឲ្យចិនប្រើប្រាស់ផ្តាច់មុខអីទាំងហ្នុងទៅតាមការចោទប្រកាន់របស់គេអីនោះណា។ ដៃគូរបស់ខ្ញុំ គឺខ្ញុំធ្វើការ គឺវាជាង១០ឆ្នាំកន្លងមក ហើយដើម្បីពន្យល់គាត់ និងស្នើឲ្យគាត់ជួយរៀបចំអភិវឌ្ឍន៍តំបន់រាមហ្នុង។ ទើបតែថ្មីៗហ្នុងទេ គាត់បានឯកភាពថានឹងជួយរៀបចំរោងជាង ជួយរៀបចំផែ រៀបចំ ជូនកម្ពុជា។ ដៃគូហ្នុងគឺដៃគូចិនហ្នុងឯងបាទ!»។

សម្ដេច ទៀ បាញ់ ក៏បានបដិសេធផ្តល់ព័ត៌មានលម្អិតពីទំហំជាក់លាក់នៃជំនួយរបស់ចិនក្នុងការអភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាមនេះដោយគ្រាន់តែបញ្ជាក់ថា ជាជំនួយឥតសំណងរបស់ចិន ហើយក្នុងនោះក៏មានវត្តមានជាកងកម្លាំងរបស់ចិនមកជួយអភិវឌ្ឍន៍ផងដែរ។


សម្តេចបន្តថា «គេជួយឲ្យខ្ញុំហ្នុង គឺជួយជាជំនួយឥតមានសំណងអីទាំងអស់។ គឺគេនាំកម្លាំងនាំអីមកជួយ។ ដល់ពេលធ្វើហើយ គឺគេប្រគល់ឲ្យកម្ពុជា។ កម្ពុជាទេមានសិទ្ធិពេញលេញប្រើប្រាស់មូលដ្ឋានហ្នុង ។ ដូច្នេះ ចង់និយាយពីរឿងចង់ធ្វើស្អីក្រៅពីហ្នុងអី អាហ្នុង គឺអត់មានរឿងអីចម្លែកទេ មិនថាអ្នកណាអ្នកណីទេ ពីព្រោះគេធ្វើគ្រប់តែគ្នាហ្នុង»៕

To Top