ភ្នំពេញ ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឲ្យដឹងថា ខែឧសភា ឆ្នាំ២០២១ រដ្ឋាភិបាល ចំណាយថវិកា ជាង២.២ពាន់ លានរៀល ជាប្រាក់ឧបត្ថម្ភបន្ថែមផ្តល់ជូនស្រ្តីសម្រាលកូន សមាជិក ប.ស.ស. ចំនួន៥ ៤៨០នាក់ និងមានកូន ចំនួន៥ ៥៣៣នាក់។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ប.ស.ស. នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបា លទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា បើទោះបីជាវិបត្តិ កូវីដ-១៩ នៅតែបន្តអូសបន្លាយយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល នៅតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេស គិតគូរពីតម្រូវការសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ផងដែរ។

លោកបានណែនាំដល់មន្ត្រីបុគ្គលិកក្រោមឱវាទបន្តខិតខំបំពេញការងាររបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ជូន ដល់កម្មករនិយោជិត ដែលជាសមាជិក ប.ស.ស. ឱ្យទាន់ពេលវេលា។
លោក លើកឡើងថា « ជាមួយគ្នានេះដែរបេឡាជាតិសន្តិសុខសង្គម គ្រាន់តែក្នុងខែឧសភា ឆ្នាំ២០២១នេះ បានចំណាយថវិកាសរុបប្រមាណជាង ២.២ពាន់លានរៀល ដែលជាប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល បានផ្តល់ជូនស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៥ ៤៨០នាក់ និងមានកូនចំនួន ៥ ៥៣៣នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស.»។

សូមបញ្ជាក់ថា កម្មការិនីទាំងអស់ដែលបម្រើការនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទានមកកាន់ ប.ស.ស. យ៉ាងតិច៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ខែសម្រាលកូន នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ថ្ងៃ រួមជាមួយប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕

