ព័ត៌មានជាតិ

ទូតចិនប្រចាំកម្ពុជា ៖ SINOVAC ជាវ៉ាក់សាំងទី២ ដែល WHO ទទួលស្គាល់ ឲ្យប្រើប្រាស់បន្ទាន់

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា វ៉ាក់សាំងរបស់ចិន ឈ្មោះស៊ីណូវ៉ាក់ (SINOVAC) ជាវ៉ាក់សាំងប្រភេទទី២ ដែលអង្គការសុខភាពពិភពលោក (WOH) ចុះបញ្ជីសម្រាប់ ការប្រើប្រាស់បន្ទាន់ បន្ទាប់ពីវ៉ាក់សាំងចិន ឈ្មោះ ស៊ីណូហ្វាម (SINOPHARM)។

តាមរយៈគេហទំព័រ ហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក ប្រកាសទទួលស្គាល់ វ៉ាក់សាំង CORONA VAC របស់ក្រុមហ៊ុនSINOVAC ប្រទេសចិនជាផ្លូវការ សម្រាប់ប្រើប្រាស់ជាបន្ទាន់ ។

ស្ថានទូតបន្ដថា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ សុខភាពពិភពលោក លើកឡើងថា វ៉ាក់សាំងរបស់ក្រុមហ៊ុនខាងលើនេះ បានបង្ហាញអំពី សុវត្ថិភាព ប្រសិទ្ធភាព និងការធានាគុណភាព និង ត្រូវបានបញ្ចូល ក្នុងបញ្ជីឈ្មោះសម្រាប់ប្រើប្រាស់ ជាបន្ទាន់របស់ អង្គការសុខភាពពិភពលោក ។

ស្ថានទូតចិន ក៏បានបញ្ជាក់ ទៀតថា «វ៉ាក់សាំងSINOVAC គឺជាវ៉ាក់សាំងប្រភេទទី២ របស់ចិន ដែលអង្គការសុខភាពពិភពលោក បានចុះបញ្ជីសម្រាប់ ការប្រើប្រាស់ ជាបន្ទាន់ បន្ទាប់ពីវ៉ាក់សាំងចិន SINOPHARM»។

សូមរំលឹកថា វ៉ាក់សាំង ដែលកម្ពុជា ទទួលបានរួមមាន ៖ សាំងស៊ីណូហ្វាម១.៧លានដូស, វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ ៣២៤,០០០ដូស និងវ៉ាក់សាំងស៊ីណូវ៉ាក់ទិញពីចិន ៤លានដូស ៕

To Top