ភ្នំពេញ ៖ សហភាពអឺរ៉ុប (EU) និងអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ស្ថាប័នទាំងពីរ រួមសហការគ្នាគាំទ្រការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងការគំរាមកំហែងសនិ្តសុខ សុខភាពនាពេលអនាគតនៅកម្ពុជា។
តាមសេចក្ដីប្រកាសព័ត៌មានរួម របស់សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា សហភាពអឺរ៉ុប កំពុងវិនិយោគក្នុងទឹកប្រាក់ជាង ២,៨ លានអឺរ៉ូ (៣,៥លានដុល្លារ) សម្រាប់រយៈពេល៣ឆ្នាំ ខាងមុខ ដើម្បីផ្តល់ការគាំទ្រតាមរយៈ អង្គការសុខភាពពិភពលោក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការបង្ការ និងការឆ្លើយតបចំពោះវិបតិ្តជំងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាល។ ការផ្តល់មូលនិធិនេះ គឺជាផ្នែកមួយនៃកម្មវិធីសុខភាពថ្នាក់តំបន់ ពិសេសមួយរបស់សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក ដើម្បីគំាទ្រដល់ប្រទេសជាសមាជិកអាស៊ាន។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា មានប្រសាសន៍ថា «ភាពជាដៃគូរវាងសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក ដើម្បីគាំទ្រការតៀមបង្ការ និងការឆ្លើយតប គឺបង្ហាញពីសាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការសម្រាប់ជួយ ប្រទេសមួយនៅក្នុងគ្រាលំបាក។ ក្រសួងសុខាភិបាល នឹងបន្តធ្វើការយ៉ាង ជិតស្និជា មួយនឹងអង្គការសុខភាពពិភពលោក ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល របស់ប្រទេសកម្ពុជា»។
លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ក្នុងរយៈពេលជាងមួយទសវត្ស មកនេះ ប្រទេសកម្ពុជា បាននិងកំពុងពង្រឹងប្រព័ន្ធសុខាភិបាលរបស់ខ្លួន រួមទាំងការត្រៀមបង្ការចំពោះជំងឺរាតត្បាត ផងដែរ។ ការផ្ដល់មូលនិធិពីសហភាពអឺរ៉ុប និងភាពជាដៃគូនេះ នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយនឹងចូលរួមជួយប្រទេសកម្ពុជា ក្នុងការត្រៀមបង្ការ សម្រាប់បញ្ហាគ្រោះអាសន្នសុខភាព សាធារណៈបានប្រសើរជាងមុន»។
ដោយឡែក លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា «សហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់ខ្លួន ដូចជា ក្រុមការងារប្រចាំអឺរ៉ុប ទាំងមូល បានប្តេជ្ញារួមគ្នា ធ្វើការជាមួយកម្ពុជាដើម្បីដោះស្រាយ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីកសាងឡើងវិញឲ្យកាន់តែប្រសើរ និងធានាឲ្យបានថាគ្មាននរណាម្នាក់ត្រូវបាន មើលរំលងនោះឡើយ។ រហូតមកទល់នឹងពេលនេះ ក្រុមអឺរ៉ុប បានផ្តល់ថវិកាចំនួន ២,២ ពាន់លានអឺរ៉ូ ដល់ប្រទេសចំនួន ៩២ ដែលមានប្រាក់ចំណូលទាប និងមធ្យមរួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីទទួលបានវ៉ាក់សំាងការពារជំងឺកូវីដ-១៩តាមរយៈយន្តការកូវ៉ាក់។ យើងមានមោទនភាពដែលក្រុមអឺរ៉ុប គឺជាអ្នកចូលរួមចំណែកដ៏ធំបំផុត ទៅឲ្យយន្តការកូវ៉ាក់នេះ»៕