ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានសង្កេតឃើញសារ ចែករំលែកបន្តក្នុងកម្មវិធី បណ្តាញសង្គម តួយ៉ាងកម្មវិធី Facebook Messenger និងកម្មវិធី WhatsApp ស្តីអំពីកម្មវិធីឈ្នះរង្វាន់ ប្រាក់ ២០០០០០រៀល ពីក្រុមហ៊ុនកូកាកូឡា ដោយគ្រាន់តែធ្វើការឆ្លើយសំណួរ ស្ទង់មតិ និងចែករំលែកតំណភ្ជាប់ ទៅកាន់មិត្តភក្តិ។
តាមរយៈគេហទំព័រ Facebook នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា បានណែនាំប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា កម្មវិធីខាងលើ គឺជាល្បិចបោកប្រាស់ របស់ជនខិលខូច ក្នុងគោលបំណង ដូចជា ៖
ទី១-ធ្វើការអូសទាញជនរងគ្រោះ ចូលទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ។
ទី២-ធ្វើការបញ្ឆោតជនរង គ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់។
និងទី៣-ធ្វើការបញ្ឆោតជនរងគ្រោះ ចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដោយផ្តល់សិទ្ធគេហទំព័រ ខិលខូចនោះ ដំណើរការកម្មវិធីផ្ញើសារ របស់ជនរងគ្រោះ តួយ៉ាងកម្មវិធី Facebook Messenger ឬកម្មវិធី WhatsApp និងធ្វើការចែករំលែក តំណភ្ជាប់ខាងលើ ដោយស្វ័យប្រវត្តិ ទៅកាន់មិត្តភក្តិទាំងអស់ របស់ជនរងគ្រោះ (Contact List)។
នាយកដ្ឋានព័ត៌មានវិទ្យា ក៏បានបញ្ជាក់ថា លើសពីចំណុចដែលបាន រៀបរាប់ខាងលើ ជនខិលខូចក៏អាចប្រើប្រាស់ យុទ្ធនាការនេះក្នុងគោលបំណងផ្សេងៗ ដូចជា៖ ប្រើប្រាស់គេហទំព័រក្លែងបន្លំ ឆបោកលួចយកព័ត៌មាន គណនីជនរងគ្រោះ (ឧទាហរណ៍៖ គណនីអ៊ីនធឺណិត ឬគណនីធនាគារ) និងប្រើប្រាស់គេហទំព័រក្លែងបន្លំ ធ្វើការចម្លងមេរោគជាដើម។
ជាងនេះទៅទៀត នាយកដ្ឋានព័តត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ក៏បានផ្ដាំផ្ញើប្រជាពលរដ្ឋមេត្តាបញ្ឈប់ ការចែករំលែក ការចុចលើតំណភ្ជាប់ ជៀសវាងនូវបញ្ហា ដូចបានរៀបរាប់ខាងលើ៕