ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ក្រសួង សេដ្ឋកិច្ច សង្ឃឹមថា ឥណ្ឌា នឹងបន្តផ្គត់ផ្គង់ វ៉ាក់សាំងកូវីដ១៩ ថែមទៀតដល់កម្ពុជា

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសង្ឃឹមថា ឥណ្ឌា នឹងបន្តផ្គត់ផ្គង់ វ៉ាក់សាំងកូវីដ១៩បន្ថែមទៀត មកដល់កម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ ខណៈកម្ពុជា មានតម្រូវការ វ៉ាក់សាំងច្រើន។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោកស្រី Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវិដេអូ លោក អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ ចំពោះឥណ្ឌា ដែលមានសមត្ថភាព ផលិតវ៉ាក់សាំងជំងឺ កូវីដ-១៩ និងនៅតែបន្តរក្សាការសន្យារបស់ខ្លួន ក្នុងកិច្ចសហការប្រយុទ្ធ ទប់ស្កាត់ជំងឺកូវី១៩ នៅកម្ពុជា ជាពិសេស លោកស្រីផ្ទាល់ ដែលកន្លងមកបានខិតខំសហការ និងសម្របសម្រួលឲ្យមានការផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca (Covidshield) ដល់កម្ពុជា ។

លោកបញ្ជាក់ថា «កម្ពុជានៅតែមានតម្រូវការវ៉ាក់សាំង បន្ថែមទៀត ហើយសង្ឃឹមថា ឥណ្ឌានឹងបន្តផ្គត់ផ្គង់វ៉ាក់សាំង បន្ថែមមកកម្ពុជា នាពេលដ៏ខ្លីខាងមុខ»។

ក្នុងការគ្រប់គ្រងវិបត្តិកូវីដ១៩ លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាអនុវត្ត នូវវិធានការ «រក្សាស្ថេរភា ពសង្គម និងរក្សាភាពរស់រាន មានជីវិតផ្នែកសេដ្ឋកិច្ច (Survival Economy)» របស់ប្រជាជន តាមរយៈកម្មវិធី «ជំនួយសង្គម ជាសាច់ប្រាក់ ក្រោយពេលបិទន្ទុប់» ដើម្បីជួយគាំទ្រប្រជាជនដែលមានកម្រិតជីវភាពទាប និងជួបប្រឈម នឹងការលំបាកក្រោយ ការអនុវត្តការបិទខ្ទប់។

លោកបន្ដថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរពីការ ដាក់ឲ្យអនុវត្តកម្មវិធី ប្រហាក់ប្រហែលគ្នានេះ នៅក្នុងអន្តរកាលក្រោយ បិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ ដើម្បីជួយដល់ប្រជាជន ងាយរង់ គ្រោះអាចសម្របខ្លួនបានឡើងវិញ ក្នុងបរិបទ នៃប្រក្រតីភាពថ្មី ។

លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានលើកឡើងថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈ ដ៏លំបាកបែបនេះក្ដី រដ្ឋាភិបាលឥណ្ឌា នៅតែបន្តរក្សាការសន្យា របស់ខ្លួន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការលើការ ប្រយុទ្ធទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និង ខិតខំបន្តពង្រឹង និងជំរុញកិច្ច សហប្រតិបត្តិការ លើវិស័យផ្សេងទៀត ៕

To Top