ព័ត៌មានជាតិ

សត្វខ្សឹប នៅកម្ពុជា ថយចុះយ៉ាងគំហុក ដោយសារបាត់ទីជម្រក ប្រមាញខុសច្បាប់ និងហើរប៉ះខ្សែអគ្គិសនី

ភ្នំពេញ ៖ អង្គការ សមាគម អភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) បានឲ្យដឹងថា ចំនួនសត្វខ្សឹប នៅកម្ពុជា បានថយចុះយ៉ាងគំហុក កំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រក ប្រមាញ់ខុសច្បាប់ និងហើរបុកទង្គិច ជាមួយខ្សែបណ្តាញអគ្គិសនី។

តាមរយៈគេហទំព័រ ហ្វេសប៊ុក របស់អង្គការ WCS នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា សត្វខ្សឹបជាប្រភេទសត្វតំបន់វាលស្មៅ មានដើមកំណើត នៅឧបទ្វីបឥណ្ឌា កម្ពុជា ហើយក៏ធ្លាប់មាននៅវៀតណាមដែរ ។ វាត្រូវបានចុះបញ្ជី ជាប្រភេទបក្សី ជិតផុតពូជបំផុត នៅលើពិភពលោក ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថា មានចំនួនតិចជាង ៥០០ក្បាល នៅលើពិភពលោក ។

WCS បន្ដថា កម្ពុជាបានក្លាយជាទីជម្រកសម្រាប់វត្តមាន នៃអនុប្រភេទ Houbaropsis bengalensis blandini ដែលនៅសេសសល់លើពិភពលោក។

WCS បញ្ជាក់ទៀតថា «ចំនួនសត្វខ្សឹប នៅកម្ពុជា បានថយចុះយ៉ាងគំហុក ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្នសត្វខ្សឹប មានវត្តមានភាគច្រើននៅក្នុងខេត្តកំពង់ធំ មានតិចតួច នៅក្នុងខេត្តសៀមរាប និងមានតិចតួចបំផុត នៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ សត្វខ្សឹបរស់នៅតាមតំបន់វាលស្មៅធម្មជាតិ ដែលមានលាយឡំ ជាមួយហ្នឹងគុម្ពោតព្រៃដុះរាយប៉ាយ»។

WCS បន្ថែមថា «កត្តាគំរាមកំហែងធំៗ ដល់ការរស់នៅរបស់សត្វខ្សឹប រួមមាន ការបាត់បង់ទីជម្រក ពាក់ព័ន្ធទៅនឹងការបំប្លែង តំបន់វាលស្មៅ និងតំបន់ដាំដុះស្រូវ បែបយថាផល ទៅជាតំបន់ដាំដុះស្រូវបែបប្រពលវប្បកម្ម (ពីរទៅបីដងក្នុងមួយឆ្នាំ) ការប្រមាញ់ខុសច្បាប់ និងការហើរបុកទង្គិច ជាមួយខ្សែបណ្តាញអគ្គិសនី» ។

សូមរំលឹកថា កាលពីឆ្នាំ២០០៩ អង្គការ WCS និងដៃគូ បានបោះពុម្ពផ្សាយលទ្ធផល នៃការស្រាវជ្រាវ រយៈពេល ជាង១០ឆ្នាំ ដោយលទ្ធផល នៃការស្រាវជ្រាវនោះ បានបង្ហាញថា ចំនួនសត្វខ្សឹបឈ្មោល ដែលលោតបបង្អួតខ្លួន នៅរដូវបន្តពូជ តាមរយៈទិន្នន័យជំរឿនឆ្នាំ២០១៨ មានតែ១០៤ក្បាលប៉ុណ្ណោះ នៅកម្ពុជា ។

ប្រភពដដែល បន្ដថា ដើម្បីការពារនិងអភិរក្ស ប្រភេទសត្វដ៏កម្រនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត តំបន់អភិរក្សសត្វខ្សឹប នៅជុំវិញបឹងទន្លេសាប ដែលបច្ចុប្បន្ននេះ ត្រូវបានកំណត់ឈ្មោះថា «តំបន់ការពារទេសភាពទំនាប់ខាងជើងទន្លេសាប» គ្រប់ដណ្តប់លើផ្ទៃដីទំហំ ៣១.១៥៩ហិកតា លាតសន្ធឹងឆ្លងកាត់ ខេត្តកំពង់ធំ និងសៀមរាប ។

ជាងនេះទៅទៀត ច្បាប់ស្តីពី តំបន់ការពារធម្មជាតិ នៃកម្ពុជា ត្រង់មាត្រា៥៦ និង ៦១ ស្តីពីបទល្មើសធនធានធម្មជាតិ ថ្នាក់ទី៣ ជនទាំងឡាយណាដែលចាប់ ដាក់អន្ទាក់ ប្រមាញ់ ធ្វើឱ្យរបួស បំពុល សម្លាប់ យកចេញ ប្រមូលពងកូន និងសត្វព្រៃ ដែលជាប្រភេទងាយរងគ្រោះ ប្រភេទកម្រ ឬប្រភេទជិតផុតពូជបំផុត នឹងត្រូវទទួលទោសទណ្ឌជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១៥ លានរៀល ដល់ ១៥០ លានរៀល ៕

To Top