ព័ត៌មានជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោង វិនិយោគថ្មី២ទៀត មានទុនជាង១០លានដុល្លារ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោង វិនិយោគថ្មីៗ ចំនួន២កន្លែងទៀត ដែល មានទុនវិនិយោគ ជាង ១០.៦ លានដុល្លារ ព្រមទាំង អាចបង្កើតការងារ ជូនប្រជាពលរដ្ឋជាច្រើនកន្លែង ផងដែរ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដូចជា ៖

ទី១-IMPAK (CAMBODIA) CO., LTD: គម្រោងបង្កើត រោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ៦០៣កន្លែង។

និងទី២-WING CHENG PACKAGING CO., LTD: គម្រោងបង្កើតរោងចក្រផលិត កេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ២៣៧កន្លែង៕

To Top