ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ដែលជាប្រធានមុខព្រួញ ខេត្តកំពង់ស្ពឺ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋាន ធារាសាស្រ្តកសិកម្ម ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យការដ្ឋាន គម្រោងស្តារឡើងវិញ ទំនប់អាងទឹកចំការតែ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរងការខូចខាត ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០ កន្លងទៅ ។


សូមបញ្ជាក់ជូនជ្រាបថា ទំនប់អាងទឹកចំការតែ នៅលើខ្នងភ្នំគិរីរម្យ ដែលមានកម្រិត រក្សាទឹកអតិបរមា ៧លានម៉ែត្រគូបនេះ បានទទួលរងជំនន់ទឹកភ្លៀង ហូរបាក់ដាច់ត្រង់ ចំណុចសំណង់ខ្នងទំនប់ចាស់ ដែលបន្សល់ទុកតាំងពីសម័យសង្គម ដោយសារតែរងឥទ្ធិពលព្យុះ បានកើតមានបន្តបន្ទាប់ និងបរិមាណទឹកភ្លៀងធ្លាក់ ដ៏ច្រើនលើសលប់ កាលពីកំឡុងខែតុលា ឆ្នាំ២០២០ , នាពេលភ្លាមៗនោះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអន្តរាគមន៍ ជួសជុលជាបន្ទាន់ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន និង នៅរដូវប្រាំងដើមឆ្នាំ២០២១នេះ ក្រសួងបានធ្វើការជួសជុល កែរលម្អសំណង់ចាស់ និងកសាងសំណង់ថ្មី ជាបេតុងអាមេបន្ថែម ដែលទើបសាងសង់រួចនាពេលនេះ រួមមានទំហំការងារ ៖
- ស្តារឡើងវិញ ទំនប់ប្រវែង៨០ម៉ែត្រ ជើងទេរទំនប់ប្រវែង ១២០ ម៉ែត្រ
- សាងសង់សំណង់ ស្នូលបេតុង ០១កន្លែង
- សាងសង់សំណង់លូជ្រុង(ទ្វារ២) ០១កន្លែង
- ជួសជុលកន្ទុយសំណង់បង្ហៀរ ០១កន្លែង
- ជួសជុលសំណង់បង្ហៀរ ០១កន្លែង ។


ក្នុងដំណើរ បេសកកម្ម ចុះពិនិត្យការងារ នាព្រឹកនេះ លោករដ្ឋមន្រ្តីបានធ្វើការកោតសរសើរ ដល់ក្រុមការងារ បច្ចេកទេសក្រសួង ដែលបានខិតខំ បំពេញកិច្ចការងារ ទោះជួបឧបសគ្គនិងបញ្ហា ប្រឈមខ្លះៗ មួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះ មានគុណភាពរឹងមាំ យូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ ដល់ការងារបង្កបង្កើនផល ,ផ្តត់ផ្គង់ទឹកប្រើប្រាស់ ដល់ជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ និងរមណីយដ្ឋានទេសចរណ៍ នានាក្នុងតំបន់ ៕












