ព័ត៌មានជាតិ

ព្រះសីហនុ គឺជាខេត្តអាទិភាព ក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋ បន្ទាប់ពីភ្នំពេញនិងខេត្តកណ្ដាល

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ គឺជាខេត្តអាទិភាព ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋ ក្នុងមូលដ្ឋានបន្ទាប់ពីរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃ ខេត្តកណ្ដាល។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបានចំនួន១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុប១៦លាននាក់ នៅត្រឹម ខែឧសភា ឆ្នាំ២០២២។

ថ្លែងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិនិត្យលើការបន្តដាក់ ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ជាតំបន់លឿង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការត្រៀមយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ថ្ងៃនេះយើងប្រជុំ ក្នុងក្របខណ្ឌ គណ:បញ្ជាការឯកភាព រដ្ឋបាលខេត្ត និងដាក់ចេញវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩។ កន្លងមកដោយសារការខិតខំ របស់ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមានការចូលរួមពីប្រជាពលរដ្ឋ ធ្វើឱ្យការបិទខ្ទប់របស់យើង ទទួលបានលទ្ធផលល្អប្រសើរ ដែលបង្ហាញថាវិធានការ បិទខ្ទប់ របស់យើងត្រឹមត្រូវ និងមានការចូលរួម ពីប្រជាពលរដ្ឋ បានពេញលេញ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់ទំនប់រលក មិនបានចូលរួម អនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាល និងការណែនាំ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យមានការឆ្លងរាលដាលឡើងវិញ។ ជាមួយគ្នានេះ ត្រូវបន្តដាក់ជាតំបន់លឿងនូវ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបន្ថែមវិធានការយ៉ាងម៉ឺងម៉ាត់ លើការផាកពិន័យ និងវិធានការច្បាប់ចំពោះបុគ្គលដែលមិនអនុវត្តតាមការណែនាំ។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ដែលបានអនុវត្តយុទ្ធសាស្ត្រផ្ការីក នៃការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយសារតែរាជធានីភ្នំពេញ ជាចំណុចកណ្តាល ដែលឆ្លងកាត់មកពីបណ្តាខេត្តនានា និងជាចំណុចមានហានិភ័យខ្ពស់។

លោក គួច ចំរើន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំ ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់មកខេត្តព្រះសីហនុ ក៏ជាខេត្តអទិភាព ក្នុងការទទួលបានវ៉ាក់សាំង ដូច្នេះយើងត្រូវត្រៀម លក្ខណៈ និងចាត់ចែងកិច្ចការងារផ្សេងៗ ឱ្យបានរួចជាស្រេចដើម្បី រង់ចាំវ៉ាក់សាំងថ្មី ចាក់ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុរបស់យើង៕

To Top