ភ្នំពេញ ៖ បច្ចុប្បន្ន អង្គភាពស៊ីម៉ាក់ និងអង្គការAPOPO សហការគ្នា ប្រើប្រាស់កណ្តុរ ៥៧ក្បាល សម្រាប់បំរើប្រតិ្តបត្តិ ការបោសសំម្អាតមីន ក្នុងនោះ កំពុងប្រតិបតិ្តការ ៣៤ក្បាល ដាក់ចូលនិវត្តន៍៥ក្បាល និងកំពុងហ្វឹកហ្វឹន ១៨ក្បាល ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កណ្តុរ Magawa ដែលទទួលពានជើងឯក នៅប្រទេស អង់គ្លេសនោះ បានដាក់ឱ្យចូលនិវត្តន៍ ដោយបញ្ហាអាយុ និងសុខភាព ហើយMagawa រក្សាទុកឱ្យសំរាកនៅទីតាំង ស៊ីម៉ាក់ខេត្តសៀមរាប ។
ប្រភពដដែល បញ្ជាក់ថា «បច្ចុប្បន្ននេះ អង្គភាពស៊ីម៉ាក់ និងAPOPO សហការប្រើប្រាស់កណ្តុរ ចំនួន៥៧ក្បាលសម្រាប់បំរើប្រតិ្តបត្តិការបោសសម្អាតមីន ដែលក្នុងនោះ កំពុងប្រតិបតិ្តការ ចំនួន៣៤ក្បាល ដាក់ចូលនិវត្តន៍ ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឹន ចំនួន១៨ក្បាល»។
ដោយឡែកសុនខ ដែលបានបញ្ជូនពីអង្គភាពស៊ីម៉ាក់ទៅបំរើការ នៅប្រទេសស៊ូដង់ខាងត្បូង ប្រទេស អង់ហ្គោឡា និងប្រទេសតួរគី នោះ បានបំពេញប្រតិបតិ្តការ យ៉ាងល្អប្រសើរ ហើយខាងអង្គការ APOPO បានស្នើសុំជាវសុនខមួយ ចំនួនបន្ថែមទៀត ពីស៊ីម៉ាក់ ដើម្បីយកទៅប្រតិបតិ្តការ នៅប្រទេសមួយចំនួនផេ្សងទៀត ។
ទន្ទឹមនឹងនេះដែរ លោក Michael Heiman ប្រធានអង្គការAPOPO ប្រចាំតំបន់ និង នៅកម្ពុជា បានបញ្ជាក់ពីលទ្ធភាព ក្នុងការទទួលជំនួយ ពីប្រទេសប៊ែលហ្សិក ក្នុងការគាំទ្រកិច្ចប្រតបតិ្តការ របស់ អង្គភាពស៊ីម៉ាក់ ក្នុងរយ:ពេល៥ឆ្នាំ ២០២២-២០២៦ ហើយគោលដៅសំខាន់ របស់គម្រោងត្រូវបន្តអនុវត្ត នៅទិសខេត្តព្រះវិហារ ជាពិសេស តំបន់ប្រាសាទព្រះវិហារ ៕