ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ផែនការចាក់វ៉ាក់សាំងកូវីដ-១៩ គឺចាក់ឲ្យបានគ្រប់ៗគ្នា មិនថា ប្រជាពលរដ្ឋ ឬអ្នកទោសឡើយ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។
ការលើករបស់លោកស្រី យក់ សម្បត្តិ ក្រោយពីមានអ្នកទោសក្នុងខេត្តមួយចំនួន បានឆ្លងជំងឺកូវីដ-១៩ និងមានស្លាប់ផងដែរ។
ក្នុងឱកាសទទួលវ៉ាក់សាំង១លានដូសទៀតនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ លោកស្រី យក់ សម្បត្តិ ប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងនឹងបន្ដចាក់ឲ្យប្រជាពលរដ្ឋយើង សម្ដេចតេជោលោក មានប្រសាសន៍ហើយ យើងចាក់ឲ្យប្រជាពលរដ្ឋយើងទាំងអស់នៅគ្រប់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងគោលចំណុចចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ។ យើងចាក់ទាំងអស់ មិនថា ចាក់បងប្អូនប្រជាពលរដ្ឋនៅកន្លែងណា ឬបងប្អូនអ្នកទោស ឬបងប្អូនណាទេ គឺយើងចាក់ទាំងអស់»។
លោកស្រីបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចាក់ជូនប្រជាពលរដ្ឋទាំងអស់។ លោកស្រីក៏បន្ដអំពាវនាវដលប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នជំងឺកូវីដ-១៩ ដោយរក្សាគម្លាត និងរក្សាអនាម័យជាប់ជានិច្ច ជាពិសេសនោះ បន្ដអនុវត្ត ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំង ជាង៧លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស សរុបចំនួន ២,៧៦៦,១៩៨នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន២៧.៦៦%៕