នយោបាយ

លោក មុត ចន្ថា ផ្ញើលិខិតចំហជូនលោក ប៉ុល ហំម អ៊ូ ច័ន្ទរ័ត្ន និងម៉ៅ មុនីវណ្ណជុំវិញបាត់លុយ៧០ម៉ឺនដុល្លារ ក្នុងមូលនិធិទូរទស្សន៍ព្រះអាទិត្យ (Video)

ភ្នំពេញ ៖ ដោយសារមិនអស់ចិត្តលោក មុត ចន្ថាដែលគ្រប់គ្នាដឹងថា ជាមនុស្សជំនិតរបស់លោក កឹម សុខា បានផ្ញើលិខិតចំហមួយច្បាប់ជាង១មួយទំព័រជូនទៅ លោក ប៉ុល ហំម លោក អ៊ូ ច័ន្ទរ័ត្ន និងលោក ម៉ៅ មុនីវណ្ណ ។

នេះជាខ្លឹមសារទាំងស្រុងនៃលិខិតផ្ញើទៅមន្រ្តីទាំង៣មានដូចតទៅ ៖
លិខិតចំហ ផ្ញើជូន
-ឯកឧត្តម ប៉ុល ហំម អនុប្រធានមានវ័យច្រើនជាងគេ នៃគណបក្សសង្រ្គោះជាតិ (មុនថ្ងៃ១៦ វិច្ឆិកា ២០១៧)
-ឯកឧត្តម អ៊ូ ច័ន្ទរ័ត្ន អភិបាលរង នៃគណៈអភិបាលក្រុមតំណាងសង្រ្គោះជាតិ (មុនថ្ងៃ១៦ វិច្ឆិកា ២០១៧)
-ឯកឧត្តម ម៉ៅ មុនីវណ្ណ អនុប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណបក្សសង្រ្គោះជាតិ (មុនថ្ងៃ១៦ វិច្ឆិកា ២០១៧)

ក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាអតីតសមាជិកគណៈកម្មាធិការនាយក និងជានាយកខុទ្ទកាល័យប្រធានអតីតគណបក្សសង្រ្គោះជាតិ ខ្ញុំសូមសរសេរមក ឯកឧត្តមទាំងបី ក្នុងមុខតំណែងរបស់លោកជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ ដែលមានវត្តនៅក្នុងប្រទេស នៅក្រោយការចាប់ខ្លួនរបស់ឯកឧត្តម កឹម សុខា ប្រធានគណបក្ស នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងនៅមុនពេលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយអំណាចសាលដីការបស់តុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្រាប់ ឯកឧត្តម ប៉ុល ហំម ជាអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលមានវ័យច្រើនជាងគេ ដោយយោងតាមវិសោធនកម្មលក្ខន្តិកៈគណបក្ស ត្រូវមានភារកិច្ចសម្របសម្រួលនិងដឹកនាំអង្គប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ រហូតដល់ថ្ងៃដែលគណបក្សត្រូវបានរំលាយ។
សម្រាប់ ឯកឧត្តម អ៊ូ ច័ន្ទរ័ត្ន ជាគណៈអភិបាលរងមានភារកិច្ចសម្របសម្រួលការងារជាមួយក្រុមតំណាងរាស្រ្ត នៃគណបក្សសង្រ្គោះជាតិ។

សម្រាប់ ឯកឧត្តម ម៉ៅ មុនីវណ្ណ ជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិដែលត្រូវមានភារកិច្ចសម្របសម្រួលនិងដឹកនាំកិច្ចការជាមួយរចនាសម្ព័ន្ធគ្រប់កម្រិតរបស់គណបក្សសង្រ្គោះជាតិ។
ហេតុដែលខ្ញុំត្រូវសរសេរមក ឯកឧត្តមទាំងបី គឺព្រោះយោងតាមព័ត៌មានក្រៅផ្លូវការដែលទទួលបាន មូលនិធិទូរទស្សន៍ព្រះអាទិត្យនិងថវិការបស់គណបក្សទាំងអស់ ត្រូវបានគេដកចេញពីគណនេយ្យធនគារ នៅក្រោយការចាប់ខ្លួន ឯកឧត្តម កឹម សុខា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងកំលុងពេល និងនៅមុនពេលគណបក្សត្រូវបានរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

១-តើគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស នៅក្រោមការសម្របសម្រួលនិងដឹកនាំរបស់ ឯកឧត្តម ប៉ុល ហំម បានអនុម័ត ឬអនុញ្ញាតឱ្យមន្រ្តីណាទៅដកមូល និធិទូរទស្សន៍ព្រះអាទិត្យ និងថវិការបស់គណបក្ស ចេញពីគណនេយ្យធនាគារ ដែរទេ?

២-តើ ឯកឧត្តមទាំងបី ដឹងថាអ្នកណាទទួលខុសត្រូវក្នុងការចុះហត្ថលេខាដកថវិកាទាំងអស់ចេញពីគណនេយ្យធនាគារ?

៣-តើ ឯកឧត្តមទាំងបី ដឹងថាមន្រ្តីណានៅក្នុងគណបក្សត្រូវបានប្រគល់សិទ្ធិជាផ្លូវការចុះហត្ថលេខាលើឯកសារធនាគារ ដូចជា «មូលប្បទានប័ត្រ» ឬ «cheque» ជាដើម ដើម្បីដាក់និងដកប្រាក់មូលនិធិទូរទស្សន៍ព្រះអាទិត្យ និងថវិការបស់គណបក្ស?

៤-បើសិនជា ឯកឧត្តមទាំងបី បានដឹងអំពីការដកប្រាក់ទាំងអស់ចេញពីគណនេយ្យធនាគារ តើ ឯកឧត្តម បានដេញដោលសួរអំពីមូលហេតុដក និងថាតើគេយកសាច់ប្រាក់ទាំងនេះទៅណា?

ផ្ទាំងពាណិជ្ជកម្ម

៥-បើសិនជា ឯកឧត្តមទាំងបី មិនដឹងថាមានគេទៅដកប្រាក់ទាំងអស់ចេញពីគណនេយ្យធនាគារ តើ ឯកឧត្តមទាំងបី ធ្លាប់បានសួរដេញដោលអំពីថវិកាទាំងនេះ ក្នុងរយៈពេលជិត ៦ឆ្នាំមកនេះទេ? បើបានសួរ តើសួេអ្នកណា និងតាមវិធីណា?

៦-បើសិនជា ឯកឧត្តមទាំងបី មិនបានសួរដេញដោលអំពីឋានៈបច្ចុប្បន្ននៃមូលនិធិទូរទស្សន៍ តើមានមូលហេតុអ្វីដែល ឯកឧត្តមទាំងបី មិនសួរ?

៧-តើ ឯកឧត្តមទាំងបី ដឹងទេថាគណបក្សមានថវិកាប៉ុន្មាន តម្កល់ជាបញ្ញើនៅក្នុងគណនេយ្យធនាគារ ក្រៅពីមូលនិធិទូរទស្សជាង ៧០ម៉ឺនដុល្លារ?

៨-តើមូលនិធិទូរទស្សន៍ព្រះអាទិត្យនិងថវិការបស់គណបក្សដាក់បញ្ញើក្នុងគណនេយ្យធនាគារតែមួយ ឬគណនេយ្យធនាគារផ្សេងគ្នា?

៩-តើ ឯកឧត្តមទាំងបី ដឹងថាគណនេយ្យធនាគារត្រូវបានបើកនៅធនគារណាខ្លះ (ដោយមិនតម្រូវឱ្យបញ្ជាក់លេខគណនេយ្យ)?

១០-តើ ឯកឧត្តមទាំងបី ដឹងទេថាបើសិនជាមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារ មិនត្រូវបានគេដកចេញពីគណនេយ្យធនាគារ តើនឹងត្រូវទទួលអត្រាការប្រាក់ប៉ុន្មាន? ហើយបើសិនជាយកការប្រាក់បូកបង្គួរបន្ថែមទៀតនឹងត្រូវទទួលបានអត្រាការប្រាក់ប៉ុន្មាន?

១១-ប្រជាពលរដ្ឋខ្មែរបានចូលរួមបរិច្ចាគជាហ៊ុនក្នុងគម្រោងទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្រ្គោះជាតិ ដែលជាគម្រោងមានឈ្មោះ មានគោលបំណង គោលដៅ និងទិសដៅជាក់លាក់ ប៉ុន្តែនៅក្រោយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គម្រោងនេះត្រូវបានបញ្ចប់ ក្នុងន័យនេះ តើ ឯកឧត្តមទាំងបី យល់ថាមូលនិធិទូរទស្សរនេះគួរត្រូវបានប្រើប្រាស់សម្រាប់គោលបំណងអ្វីទៀតបានទេ ឬគួរបង្វែរមកជួយមូលនិធិសម្បុរសធម៌ ដូចជាមណ្ឌលកុមារកំព្រា មន្ទីរពេទ្យគន្ធបុប្ផា មន្ទីពេទ្យកុមារអង្គរ ជាដើម?

១២-បើសិនជា ឯកឧត្តមទាំងបី បានដឹងថាមូលនិធិនិងថវិការបស់គណបក្សស្ថិតក្នុងដៃរបស់អតីតមន្រ្តីបក្សណាម្នាក់ តើ ឯកឧត្តម នឹងមានបំណងទាមទារបង្ហាញពីសេចក្តីថ្លែងការណ៍ធនាគារ (bank statement) ដើម្បីឱ្យប្រាកដថាថវិកាទាំងអស់ត្រូវបានគេរក្សាទុកដោយសុវត្ថិនិងមិនបាត់បង់?

ដើម្បីបញ្ជាក់ពីភាពស្អាត់ស្អំ សុចរិតភាព និងតម្លាភាព ខ្ញុំយល់ថា ឯកឧត្តមទាំងបី គួរតែចេញមុខមកបញ្ជាក់ជាសាធារណៈ បើពុំសោតទេ អាចនឹងបង្កើតឱ្យមានមន្ទិលយ៉ាងខ្លាំងចំពោះ ឯកឧត្តមទាំងបី។ ម្យ៉ាងវិញទៀ ឯកឧត្តម អ៊ូ ចន្ទរ័ត បានបង្កើតគណបក្សនយោបាយថ្មី គឺ«គណបក្សកំណែទម្រង់កម្ពុជា» និង ឯកឧត្តម ប៉ុល ហំម បានប្រកាសថានឹងទៅចូលរួមដឹកនាំគណបក្សនេះដែរ ដូច្នេះ ឯកឧត្តមទាំងពីរ គួរតែបញ្ជាក់ពីភាពស្អាតស្អំ ថា«ថវិកាទ្រទ្រងគណបក្សថ្មីនេះ»មិនមែនជាចំណែកណាមួយបានមកពីមូលនិធិទូរទស្សន៍ព្រះអាទិ្យ និងដើម្បីជាការទទួលខុសត្រូវចំពោះម្ចាស់មូលនិធី ផងដែរ។
ខ្ញុំ ក៏ដូចប្រជាពលរដ្ឋមួយចំនួនកំពុងទន្ទឹងរង់ចាំការបញ្ជាក់របស់ ឯកឧត្តមទាំងបី គឺ ឯកឧត្តម ប៉ុល ហំម ឯកឧត្តម អ៊ូ ចន្ទរ័ត និង ឯកឧត្តម ម៉ៅ មុនីវណ្ណ។
សូម ឯកឧត្តមទាំងបី មេត្តាទទួលនូវការគោរពរាប់អាន អំពីខ្ញុំ មុត ចន្ថា៕

To Top
×