ភ្នំពេញ៖ កម្ពុជា នៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងដើម្បី អនុវត្តការឯកភាពជាឯកច្ឆន្ទ ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ដោយសង្កត់ធ្ងន់លើទំនុកចិត្តថា វានឹងរួមចំណែកដល់ការវិវត្តប្រកបដោយភាពវិជ្ជមាន ដែលចាំបាច់ដើម្បីគាំទ្រដល់ ការវិលត្រឡប់ទៅរកភាពប្រក្រតីវិញ របស់ប្រទេសមីយ៉ាន់ម៉ា ។ នេះជាការអះអាងរបស់ប្រមុខការទូតកម្ពុជា ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៨ មិថុនា បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោកទីប្រឹក្សារដ្ឋ វ៉ាង យី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៦-៨ មិថុនា ។ ក្នុងឱកាសនៃទស្សនកិច្ចខាងលើ លោកឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសពិសេសអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៦ ។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ពិសេសអាស៊ាន-ចិន រដ្ឋមន្រ្តីការបរទេសអាស៊ាន បានកោតសរសើរដល់ តួនាទីឈានមុខរបស់ចិន ដែលបានចូលរួមចំណែកបន្ថែមទៀត ដើម្បីលើកកម្ពស់ការទទួល បានវ៉ាក់សាំងកូវីដ-១៩ ប្រកបដោយសមធម៌ និងតំលៃសមរម្យ។ ដោយរាប់បញ្ចូលទាំងកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ានស្តីពីការស្រាវជ្រាវ ការអភិវឌ្ឍ និងផលិតវ៉ាក់សាំង។
កិច្ចប្រជុំបានឯកភាពពិនិត្យលទ្ធភាពក្នុងការស្តារ និងពង្រឹងទំនាក់ទំនងរវាង គ្នាទៅវិញទៅមកក្នុងតំបន់ រួមទាំងជួយសំរួលដល់ការធ្វើដំណើរធុរកិច្ចសំខាន់ៗនៅទូទាំងតំបន់រវាងអាស៊ាន និងចិន ខណៈដែលផ្តល់អាទិភាព ដល់សុវត្ថិភាពសុខភាពសាធារណៈ។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើតម្រូវការ ចាំបាច់ដើម្បីទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងដើម្បីធានាឱ្យបានការចូលជាធរមាន នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅឆ្នាំ ២០២២។ កិច្ចប្រជុំក៏បានឯកភាពពន្លឿនការ ផ្លាស់ប្តូរវិស័យឌីជីថលតាមរយៈ ភាពជាដៃគូអាស៊ាន-ចិន ស្ដីពីសេដ្ឋកិច្ចឌីជីថល ដោយបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងបង្កើតឲ្យមានភាពស៊ីសង្វាក់គ្នា រវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិនក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ។ សម្រាប់បញ្ហាសមុទ្រចិនខាងត្បូង រដ្ឋមន្រ្តីទាំងអស់បានឯកភាពពន្លឿនការចរចារនៃក្រមប្រតិបត្តិ (COC) តាមរយៈការជួបប្រជុំផ្ទាល់ ឬប្រព័ន្ធវីដេអូ ដើម្បីសម្រេច COC ឱ្យបានឆាប់ ប្រកបដោយប្រសិទ្ធភាព ដែលស្របតាមច្បាប់អន្តរជាតិរួមទាំង 1982 UNCLOS។
ពាក់ព័ន្ធនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ចិនបានអះអាងសាជាថ្មីនូវ ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងតួនាទីនាំមុខក្នុងការជួយ ដល់មីយ៉ាន់ម៉ាក្នុងដំណើរការសន្តិភាព សម្រាប់ការវិលត្រឡប់មករកភាពប្រក្រតីវិញ។
ដោយកត់សម្គាល់ពីការរីកចម្រើនយ៉ាងខ្លាំង ពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិនក្នុងរយៈពេលជាង ៣០ឆ្នាំចុងក្រោយនេះ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជា ចំពោះការតម្លើងទំនាក់ទំនងអាស៊ាន-ចិនទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ»។
លោកឧបនាយករដ្ឋមន្ដ្រី បានសម្តែងការកោតសរសើរ ចំពោះសុឆន្ទៈរបស់ចិន ក្នុងការគាំទ្រដល់ការប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ទូទាំងពិភពលោក និងក្នុងតំបន់អាស៊ាន តាមរយៈការផ្តល់វ៉ាក់សាំងនិងការផ្គត់ផ្គង់សម្ភារៈសុខាភិបាល។
ពាក់ព័ន្ធនឹងការធ្វើ សមាហរណកម្មក្នុងតំបន់ លោកឧបនាយករដ្ឋមន្ដ្រីបានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់ការតភ្ជាប់ និងសង្កត់ធ្ងន់លើតម្រូវការចាំបាច់ ក្នុងការអនុវត្តសេចក្តីប្រកាសរួមអាស៊ាន-ចិន ស្តីពីផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។
ពាក់ព័ន្ធស្ថានភាពនៅមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ដ្រី បានអបអរសាទរចំពោះតួនាទី សកម្មរបស់ប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន ហើយបានស្វាគមន៍ចំពោះលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ពួកគេ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ។
ជាមួយគ្នានោះប្រមុខការទូតកម្ពុជា ក៏បានអះអាងសាជាថ្មី នូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងដើម្បី អនុវត្តការឯកភាពជាឯកឆន្ទ ប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ដោយសង្កត់ធ្ងន់លើទំនុកចិត្តថា វានឹងរួមចំណែកដល់ការវិវត្តប្រកបដោយ ភាពវិជ្ជមានដែលចាំបាច់ដើម្បីគាំទ្រដល់ ការវិលត្រឡប់ទៅរកភាពប្រក្រតីវិញ ៕