ព័ត៌មានជាតិ

រដ្ឋមន្ដ្រីការពារជាតិសង្ឃឹមថា ក្រសួង-ស្ថាប័ន បន្ដផ្ដល់ឯកសារប្រវត្តិសាស្ដ្រ ពីសមិទ្ធផលនយោបាយ ឈ្នះ-ឈ្នះ សម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ

ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្ហាញក្តីសង្ឃឹមថា ក្រសួង-ស្ថាប័ននានានឹងបន្តផ្ដល់វត្ថុតឹកតាង និងឯកសារប្រវត្តិសាស្ត្រដែលជាសមិទ្ធផលនយោបាយឈ្នះ-ឈ្នះ ដើម្បីទុកជូនមនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ។

ក្នុងពិធីប្រគល់-ទទួល កែវផ្ទុកដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅវិមាននយោបាយឈ្នះ-ឈ្នះ សម្ដេច ទៀ បាញ់ បានចាត់ទុកថា សមិទ្ធផលសម្រេចបានទាំងអស់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់អំពីសមត្ថភាព និងប្រសិទ្ធភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជន។

សម្ដេចមានប្រសាសន៍ថា «ក្នុងនាមគណៈកម្មការសាងសង់វិមាន ឈ្នះ-ឈ្នះ ខ្ញុំមានសង្ឃឹម និងរំពឹងទុកយ៉ាងមុតមាំថា ក្រសួងស្ថាប័ននានា នឹងបន្តចូលរួមឲ្យកាន់តែសកម្មផុលផុសថែមទៀត នៅក្នុងការផ្ដល់វត្ថុតឹកតាង និងឯកសារប្រវត្តិសាស្ត្រ ដែលជាសមិទ្ធផលតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទុកជូនមនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ»។

សម្ដេចបន្ដថា ជាពិសេសនោះ ស្វែងយល់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រជាតិបញ្ជាក់ពីសច្ចភាពប្រវត្តិសាស្ដ្រ វីរៈភាពពិតរបស់កូនខ្មែរសម័យនេះ និងចរិតកត់ត្រាអំពីសមត្ថភាពចំពោះដឹងដ៏មានតម្លៃពិតប្រាកដ នៃមគ្គុទេសក៏អ្នកដឹកនាំកម្ពុជា។

ឆ្លៀតឱកាសនោះដែរ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានលើកឡើងថា ដំណក់ប្រេងដំបូងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាកដែលគំរាមកំហែងដោយមេរោគកូវីដ-១៩ គឺជាសក្ខីភាពនៃការខិតប្រឹងប្រែង អំណត់ព្យាយាម និងពុះពារសម្រេចជោគជ័យរបស់រាជរដ្ឋាភិបាល ៕

To Top