ព័ត៌មានជាតិ

ក្រវាញ ជាប្រភេទ ប្រទាលមួយ សម្រាប់បញ្ចុះ សម្ពាធឈាម បន្ថយស្ករ ក្នុងឈាម និងសម្រួលការ ដកដង្ហើម

ភ្នំពេញ ៖ ក្រវាញ ជាប្រភេទប្រទាលមួយ ដែលសហគមន៍ច្រើន ប្រើប្រាស់ផ្លែវា សម្រាប់បញ្ចុះសម្ពាធឈាម បន្ថយស្ករក្នុងឈាម និងខ្លាញ់ សម្រួលការដកដង្ហើម សម្រកទម្ងន់។ល។ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ក្នុងដែនជម្រក សត្វព្រៃភ្នំក្រវាញ និងសំកុស ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ជាទូទៅ សហគមន៍ប្រមូលផ្លែក្រវាញ នៅចុង រដូវវស្សា ដើម្បីហាលទុក ប្រើប្រាស់ជាថ្នាំ នៅក្នុងគ្រួសារ និងលក់ទៅទីផ្សារ ។ យើងអាចប្រើប្រាស់ ផ្លែក្រវាញ តាមរយៈការឆុង ជាតែសម្រាប់ទទួលទានក្តៅៗ និងប្រើប្រាស់ជាគ្រឿងផ្សំ ក្នុងអាហារផងដែរ ។ ក្រវាញផ្តល់ផ្លែបានល្អ នៅអាយុ ៤-៥ ឆ្នាំ និងបន្តផ្តល់ផ្លែរៀងរាល់ឆ្នាំ រហូតដល់អាយុ ៥០ឆ្នាំ ។ តាមការសិក្សានានា បង្ហាញថា ការដាំក្រវាញ បានត្រឹមត្រូវតាមបច្ចេកទេស ក្រវាញអាចផ្តល់ផ្លែបានច្រើន ។

បច្ចុប្បន្ន ដោយសារមានទីផ្សារកណ្តៀងក្រវាញ (បណ្តូលដើមខ្ចី) សម្រាប់ប្រើប្រាស់ ជាបន្លែ សហគមន៍បានផ្តើម កាត់យកកណ្តៀងក្រវាញ ទៅលក់នៅលើទីផ្សារ ។ យើងអាចស្ងោរកណ្តៀងក្រវាញសម្រាប់ប្រើជាអន្លក់ ឬឆាជាមួយប្រេងខ្យង សាច់គោ ។ ល ។ កណ្តៀងក្រវាញ មានរស់ជាតិឆ្ងាញ់ប្រហើរ និងហិរតិចៗ ។ សហគមន៍ប្រមូលកណ្តៀង ក្រវាញនៅក្នុងខែមេសា-តុលា ហើយមានតម្លៃ១៥ ០០០រៀល ក្នុង១គីឡូក្រាម ។

ថ្មីៗនេះ ក្រសួងបរិស្ថាន បានជំរុញឱ្យគម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ចុះរៀបចំសហគមនគោលដៅ ដាំក្រវាញ ដើម្បីយកចូលទីផ្សារ នាឆ្នាំខាងមុខៗ ៕

To Top