ព័ត៌មានជាតិ

កម្ពុជា កំពុងអភិវឌ្ឍន៍ ខេត្តព្រះសីហនុ ឲ្យក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ចខៀវ

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងថា កម្ពុជាបាននិងកំពុង អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ចខៀវ រួមមាន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស និងអភិវឌ្ឍន៍កំពង់ផែ ទឹកជ្រៅជាដើម ។

ក្នុងពិធីបើកកិច្ចពិភាក្សាតុមូល ស្ដីពីមហាសមុទ្រ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅសេដ្ឋកិច្ចខៀវ សម្រាប់សមុទ្រអាស៊ីបូព៌ា» កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក សាយ សំអាល់ បានថ្លែងថា ស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការកសាងមូលដ្ឋាន សេដ្ឋកិច្ចខៀវ (សេដ្ឋកិច្ចពឹង ផ្អែកលើសមុទ្រ) ប្រកបដោយចីរភាព សមភាព និងភាពធន់។

លោកបញ្ជាក់ថា «ជាក់ស្ដែងកម្ពុជា បាននិងកំពុងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ចខៀវ ។ ក្នុងនោះរួមមាន ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស ការជំរុញអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ ការផ្គត់ផ្គង់ថាមពល និងទឹកស្អាតគ្រប់គ្រាន់ ការពង្រឹងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងការគ្រប់គ្រងសំរាម សំណល់រឹង និងជាពិសេស ការពង្រឹងគុណភាពការអប់រំ ដោយផ្តោតលើពហុភាសា»

លោករដ្ឋមន្ដ្រីបន្ដថា ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយដៃគូនានា ជាពិសេស ក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាបរិស្ថាន ដូចជា ៖ ការប្រែប្រួលអាកាសធាតុ ,ការអភិរក្សជីវៈចម្រុះ ,ការកាត់បន្ថយសំណល់ ប្លាស្ទីកសមុទ្រ និងកិច្ចគាំពារតំបន់ឆ្នេរ ។

គួរបញ្ជាក់ថា កិច្ចពិភាក្សាតុមូលនេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ជាច្រើន នៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ របស់អង្គការ PEMSEA ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ។ អង្គការ PEMSEA ជាអង្គការអន្តរជាតិ ដែលមានបេសកកម្ម សម្របសម្រួល កិច្ចការពារបរិស្ថាន សមុទ្រ មហាសមុទ្រ និងការអភិវឌ្ឍដោយចីរភាព តាមបណ្តាប្រទេស ដែលជាសមាជិក រួមមាន កម្ពុជា ចិន ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ហ្វីលីពីន សាធារណរដ្ឋកូរ៉េ សិង្ហបុរី ទីម័រ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ និងវៀតណាម ព្រមទាំង មានអង្គការអន្តជាតិជាដៃគូចំនួន២១៕

To Top