ព័ត៌មានជាតិ

កម្ពុជា សរសើរចិន ក្នុងការផ្តល់វ៉ាក់សាំងកូវីដ រាប់លានដូស ដល់បណ្តាប្រទេសមេគង្គ បានទាន់ពេលវេលា

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៦ នៅទីក្រុងឆុងឈីង ប្រទេសចិន នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានកោតសរសើរចិនក្នុងការផ្តល់ឱសថ សម្ភារវេជ្ជសាស្ត្រ និងវ៉ាក់សាំងការពារជំងឺកូវីដ១៩ រាប់លានដូស ដល់បណ្តាប្រទេសមេគង្គ បានទាន់ពេលវេលា។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានបញ្ជាក់ថា «ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ប្រទេសមេគង្គ-ឡានឆាង ត្រូវតែបន្តបង្ហាញ សាមគ្គីភាពក្នុងការដោះស្រាយវិបត្តិសុខភាពពិភពលោក និងត្រូវផ្តោតអាទិភាពជាចម្បង ក្នុងការធានានូវការទទួលបានគ្រប់គ្រាន់នូវវ៉ាក់សាំង និងថ្នាំពេទ្យ ដែលជាទំនិញសាធារណៈសកល។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងសរសើរចំពោះ ការប្តេជ្ញាចិត្ត និងតួនាទីជាអ្នកដឹកនាំរបស់ចិន ក្នុងការផ្តល់នូវឱសថ សម្ភារវេជ្ជសាស្ត្រ និងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនរាប់លានដូស ជូនដល់បណ្តាប្រទេស មេគង្គបានទាន់ពេលវេលា»។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៦ បានប្រព្រឹត្តទៅ ក្រោមមូលបទ «សាមគ្គីភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិវឌ្ឍ ក្រោយការឆ្លងរាលដាល» និងដឹកនាំដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងលោក យូ វុនណា ម៉ោង លីន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយមានការចូលរួមរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

នាឱកាសគម្រប់ខួបអនុស្សាវរីយ៍ ៥ ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រដ្ឋមន្រ្តីទាំងអស់បានថ្លែងកោតសរសើរយ៉ាងក្រៃលែង ចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) និងបានចូលរួមក្នុងកម្មវិធីបង្កើត គេហទំព័រថ្មីនៃលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងរបស់ចិន ក៏ដូចជាពានរង្វាន់រចនានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងវេទិកាទំនាក់ទំនងតាមប្រព័ន្ធអ៊ិនធឺរណែត «យុវជនមេគង្គ- ឡានឆាង តាមប្រព័ន្ធអ៊ិនធឺរណែត»។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល, រដ្ឋមន្រ្តីទាំងអស់បានថ្លែងកោតសរសើរដល់ប្រទេសមេគង្គ-ឡានឆាង ដែលបានធ្វើការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ រដ្ឋមន្រ្តីទាំងអស់ បានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដោយផ្តោតសំខាន់លើការផ្គត់ផ្គង់គ្រឿងបរិក្ខាវេជ្ជសាស្រ្ត និងវ៉ាក់សាំង ការចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺរាតត្បាត និងការប្រើប្រាស់ឱ្យបានពេញលេញនូវមូលនិធិពិសេសមេគង្គ-ឡានឆាង សម្រាប់សុខភាពសាធារណៈ សម្រាប់ដោះស្រាយការរាតត្បាតក្នុងពេលបច្ចុប្បន្ន និងអនាគត ។

រដ្ឋមន្រ្តីទាំងអស់បានសម្តែងនូវការពេញចិត្តចំពោះមូលនិធិពិសេសមេគង្គ-ឡានឆាង ចំពោះការគាំទ្រដល់គម្រោងប្រមាណជាង ៥០០ នៅក្នុងវិស័យជាច្រើន រួមមានធនធានទឹក កសិកម្ម អប់រំ ការកាត់បន្ថយភាពក្រីក្រ និងសុខាភិបាល ចាប់ពីពេលបង្កើតឡើង ព្រមទាំងបានកោតសរសើរប្រទេសទាំង៦ ដែលបានខិតខំប្រឹងប្រែងអនុវត្តគម្រោង ក្នុងអំឡុងពេលមានជំងឺរាតត្បាត។

រដ្ឋមន្រ្តីទាំងអស់ក៏បានស្វាគមន៍ចំពោះបញ្ជីគម្រោង គាំទ្រដោយមូលនិធិពិសេសមេគង្គ-ឡានឆាងឆ្នាំ២០២១ ដែលក្នុងនោះគម្រោងរបស់កម្ពុជាមានចំនួន ១២ ត្រូវបានអនុម័ត ដែលនាំឱ្យគម្រោងសរុបរបស់កម្ពុជាកើនឡើងដល់ ចំនួន ៦៧ ។

លោកឧបនាយករដ្ឋមន្រ្តី ថែមទាំងបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបន្ថែមទៀត និងបានរំលឹកឡើងវិញថា នាឱកាសកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ កាលពីឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគាំទ្រចំពោះសំណើរបស់លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ក្នុងការជំរុញការនាំចូលបន្ថែមនូវផលិតផលកសិកម្ម និងបសុសត្វ ប្រកបដោយគុណភាព ពីបណ្តាប្រទេសមេគង្គ ដែលថ្មីៗនេះមានការនាំចេញនូវផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន បន្ថែមពីលើការដឹកជញ្ជូនផ្លែឈើ និងផលិតផលកសិកម្មដែលមានស្រាប់។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងការគាំទ្ររបស់កម្ពុជាចំពោះការសិក្សារួមគ្នាស្តីពីការផ្លាស់ប្តូរទម្រង់ នៃស្ថានភាពជលសាស្ត្រ របស់អាងទន្លេឡានឆាង-មេគង្គ និងយុទ្ធសាស្ត្រភាពធន់ ដែលកំពុងត្រូវបានសិក្សា ដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងមជ្ឈមណ្ឌល សហប្រតិបត្តិការ ធនធានទឹកឡានឆាង-មេគង្គ។

To Top