ភ្នំពេញ៖ គម្រោងប្រមាណជាង៥០០ ពីមូលនិធិពិសេសមេគង្គ-ឡានឆាង ឆ្នាំ២០២១ ត្រូវបានទទួលការពេញចិត្ត ពីសំណាក់ បណ្ដារដ្ឋមន្រ្តីការបរទេស មេគង្គ-ឡានឆាង ក្នុងនោះប្រទេសកម្ពុជាទទួលបាន ១២គម្រោង ដែលនាំឱ្យគម្រោងសរុប របស់កម្ពុជាកើនឡើងដល់ ចំនួន ៦៧។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៦ នៅទីក្រុងឆុងឈីង ប្រទេសចិន នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា « រដ្ឋមន្រ្តីទាំងអស់បានសម្តែងនូវ ការពេញចិត្តចំពោះមូលនិធិពិសេសមេគង្គ-ឡានឆាង ចំពោះការគាំទ្រដល់គម្រោងប្រមាណជាង ៥០០ នៅក្នុងវិស័យជាច្រើន រួមមានធនធានទឹក កសិកម្ម អប់រំ ការកាត់បន្ថយភាពក្រីក្រ និងសុខាភិបាល ចាប់ពីពេលបង្កើតឡើង ព្រមទាំងបានកោតសរសើរប្រទេសទាំង៦ ដែលបានខិតខំប្រឹងប្រែងអនុវត្តគម្រោង ក្នុងអំឡុងពេលមានជំងឺរាតត្បាត»។
លិខិតដដែលបញ្ជាក់ថា «រដ្ឋមន្រ្តីទាំងអស់ក៏បានស្វាគមន៍ចំពោះបញ្ជីគម្រោង គាំទ្រដោយមូលនិធិពិសេសមេគង្គ-ឡានឆាងឆ្នាំ២០២១ ដែលក្នុងនោះគម្រោងរបស់កម្ពុជាមានចំនួន ១២ ត្រូវបានអនុម័ត ដែលនាំឱ្យគម្រោងសរុបរបស់កម្ពុជាកើនឡើងដល់ ចំនួន ៦៧» ៕