ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល បានលើកឡើងថា សុំកុំឱ្យដានប្រវត្តិសាស្ត្រ រជ្ជកាលជ័យជេដ្ឋាទី២ វិលមកវិញក្នុងន័យនេះលោកចង់បញ្ជាក់ថា ទោះបីជាដេញពលរដ្ឋពីលេីទឹក ឡើងមកលើគោក ក៏នៅតែជាបញ្ហាចោទ សម្រាប់ប្រទេសជាតិដដែលដូច្នេះ បេីប្រព្រឹត្តខុសច្បាប់ប្រទេសកម្ពុជាត្រូវតែចាត់វិធានការផ្លូវច្បាប់។
ការលើកឡើងបែបនេះ ខណៈពេលដែលឱសាវាទ នៃការរុះរើផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬចល័តបែចិញ្ចឹមត្រី និងសំណង់ មិនរៀបរយ លើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ បានដល់ថ្ងៃកំណត់ ដែលសាលារាជធានីភ្មំពេញ ត្រូវអនុវត្តន៍នូវវិធានការ ដ៏រស៊ើបមួយនេះ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះលោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា «សុំកុំឱ្យដានប្រវត្តិសាស្ត្រ រជ្ជកាលជ័យជេដ្ឋាទី២ វិលមកវិញ ទឹកនិងគោក ឌៀតែខ្នូចដូចតែគ្នា។ ត្រូវរៀនសូត្រតាមប្រទេស បិតាប្រជាធិបេតេយ្យ។ បើប្រព្រឹត្តខុសច្បាប់ប្រទេស ជាប់គុកហើយបណ្តេញចេញ ដូចជាករណី សហរដ្ឋអាមេរិក បណ្តេញពលរដ្ឋខ្មែរកន្លងមកឬបណ្តេញជនអន្តោប្រវរសន៏ ខុសច្បាប់ចេញ ពីប្រទេសគេ។
លោកបន្តថា «ថ្មីៗនេះ វៀតណាមបណ្តេញពលរដ្ឋខ្មែរជាង១០០នាក់ត្រឡប់មកវិញដោយចោទប្រកាន់ចូលប្រទេសគេខុសច្បាប់។ និយាយពីខ្មែរវិញ ចូរខ្មែរ អានប្រវត្តិសាស្ត្រ រជ្ជកាល ព្រះស្រី សុរិយោពណ៏ ១៨០៣ ដល់ ១៨៣៥ និង រាជបុត្រ ជ័យជេដ្ឋាទី២ ដែលយួនចាប់ផ្តើមមានឥទ្ធិពលើខ្នែររហូតមកដោយសារមហេសី ង្វៀនហ្វុកងុកវ៉ាន់ ឬ ព្រះនាងអង្គចូវ»។
លោកបានរំលឹកពីប្រវត្តិសាស្រ្ត ដែល យួនមកដំបូងជិះទូក មកដល់អរិយក្សត្រ នៅលើទូកមួយរយៈ បន្ទាប់មកនៅលើគោកតែម្តង។ មិនខុសគ្នាទេរូបភាពបែបនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬចល័តបែចិញ្ចឹមត្រី និងសំណង់ មិនរៀបរយ លើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើជាបន្ទាន់ ដោយទុករយៈពេល១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ ចេញសេចក្ដីជូនដំណឹងនេះតទៅ ។
រដ្ឋបាល រាជធានីភ្នំពេញ លើកឡើងថា ការរុះរើនេះ ដោយសារកន្លែងខ្លះ បានប្រែក្លាយជាកន្លែង នៅដោយខុសច្បាប់ យ៉ាងអាណាធិបតេយ្យ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណី សម្រាប់ចិញ្ចឹមត្រី ការបញ្ចេញកាកសំណល់ បន្ទោបង់ពាសវាលពាស កាលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាព រាជធានីភ្នំពេញ ៕