កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំគម្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៤ស្រុក ដែលជាតំបន់មានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ នៃបណ្ដារស្រុក-ក្រុង ទាំង១០ ក្នុងខេត្តកំពង់ចាម ។
ក្នុងកិច្ចប្រជុំរៀបចំផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា បានរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅស្រុកចំនួន ៤ គឺ ទី១ ស្រុកកំពង់សៀម ទី២ ស្រុកជើងព្រៃ ទី៣ ស្រុកបាធាយ ទី៤ ស្រុកព្រៃឈរ ។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ត្រូវធ្វើឲ្យបានរួចរាល់រយៈពេល ១១ថ្ងៃ សម្រាប់ដូសទី១ និងដូសទី២ ត្រូវប្រើរយៈពេល ១១ថ្ងៃដូចគ្នា និងត្រូវបញ្ចប់ទាំងស្រុង ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ៣២ ម៉ឺននាក់ ក្នុងរយៈពេល ២២ ថ្ងៃ ។
ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំទីតាំង ចាក់ វ៉ាក់សាំងនិមួយៗ ឲ្យមានកន្លែងផ្ញើទុកដាក់យានជំនិះ និងបន្ទប់អនាម័យ និង រថយន្តសង្គ្រោះបន្ទាន់ផងដែរចំណែករដ្ឋបាលស្រុកត្រូវជំរុញដល់អាជ្ញាធរឃុំឲ្យចងក្រង បញ្ជីឈ្មោះប្រជាពលរដ្ឋ យ៉ាងយូរមួយសប្តាហ៍។
ដោយឡែកពាក់ព័ន្ធ វិធានសុខាភិបាល ត្រូវរៀបចំដាក់ស្លាកណែនាំជុំវិញ បញ្ហាចាក់វ៉ាក់សាំងនិងជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ៕