ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំអន្ដរក្រសួង សម្រាប់សិក្សា និងលើកគម្រោង រៀបចំសារមន្ទីរ ដើម្បីដាក់តាំងនូវគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលស្រង់បានពីកប៉ាល់លិច កាលពីសម័យសង្គ្រោម ស៊ីវិលចន្លោះឆ្នាំ១៩៧០-១៩៧៥ នៅតាមដងទន្លេមេគង្គ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ អន្ដរក្រសួងនេះ តាមរយៈប្រព័ន្ឋវីដេអូសន្និសីទ Zoom។ នេះបើតាមការចេញផ្សាយ របស់ក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ, មជ្ឃមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សា សន្ដិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងសមាជិក-សមាជិកា នៃក្រុមការងារអន្តរក្រសួងនេះផងដែរ ។
ក្រុមការងារនេះ មានតួននាទី ភារកិច្ច សិក្សាស្វែងរកទីតាំង ណាមួយ ឬមួយចំនួនសម្រាប់រៀបចំសារមន្ទីរ ដាក់តាំងនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលប្រមូលបានពីកប៉ាល់ ដើម្បីស្នើសុំការ សម្រេច ពីប្រមុខរាជរដ្ឋាភិបាល, សិក្សា និងលើកគម្រោង រៀបចំសារមន្ទីរ សម្រាប់ដាក់តាំងនូវគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលស្រង់បានពីកប៉ាល់លិច សម័យសង្គ្រាមស៊ីវិល ចន្លោះឆ្នាំ១៩៧០-១៩៧៥ នៅតាមដងទន្លេមេគង្គ។
ជាពិសេសនោះ ក្រុមការងារ ក៏ត្រូវរៀបចំរបាយការណ៍ អំពីការរៀបចំសារមន្ទីរនេះ ដើម្បីស្នើសុំការសម្រេច ពីប្រមុខ រាជរដ្ឋាភិបាល ហើយក្នុងការអនុវត្ត ភារកិច្ចខាងលើ ក្រុមការងារត្រូវធ្វើសេចក្ដីរាយការណ៍ និងស្នើសុំយោបល់ដឹកនាំពីសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏ដូចជាបំពេញការងារផ្សេងៗទៀត តាមការណែនាំពី សម្ដេចក្រឡាហោម ស ខេង និងប្រមុខរាជរដ្ឋាភិបាល ៕



