ភ្នំពេញ៖ លោក កឹម សុខា បានទៅជួបលោកស្រី អេ វ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងពិភាក្សាគ្នាលើកិច្ចការមួយចំនួនទៀត ។ ការទៅជួបទូតបារាំងនេះ ធ្វើឡើងតបតាមការអញ្ជើរបស់លោកស្រី អេ វ៉ា ង្វៀនប៊ិញ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមិថុនានេះ នៅស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅមុននេះបន្តិច លោក កឹម សុខា បានបញ្ជាក់ថា «ក្នុងជំនួបនេះ គឺលោកជំទាវឯកអគ្គរដ្ឋទូតជម្រាបលាខ្ញុំ ដោយគាត់ត្រូវបញ្ចប់អាណតិ្តបេសកកម្មការទូតនៅកម្ពុជា និងវិលទៅបំពេញការងារថ្មីនៅទីក្រុងប៉ារីស ប្រទេសបារាំងវិញនៅចុងខែនេះ។ ក្រៅពីនោះយើងក៏បានផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាគ្នាលើកិច្ចការមួយចំនួនទៀត ជុំវិញកិច្ចសហប្រតិបត្តិការណ៍ រវាងប្រទេសទាំងពីរក៏ដូចជា សហគមន៍អឺរ៉ុបផងដែរ» ។

លោកបន្តថា កាលពីដើមសប្តាហ៍នេះ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជាក៏បានអញ្ជើញលោក ទៅកាន់ស្ថានទូតក្នុងរាជធានីភ្នំពេញ ដើម្បីពិភាក្សាការងារមួយចំនួនផងដែរ។ លោកថា ជំនួបជាមួយតំណាងប្រទេសមហាអំណាច ប្រជាធិបតេយ្យធំៗនៃសហភាពអឺរ៉ុបទាំងពីរ (អាល្លឺម៉ង និងបារាំង) នេះបន្ទាប់ពីជំនួបរបស់លោក ជាមួយអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីដើមខែនេះ។

លោក កឹម សុខា ក៏បានអរគុណប្រទេសប្រជាធិបតេយ្យជាមិត្តរបស់កម្ពុជា ដែលនៅតែផ្តល់តម្លៃឲ្យលោក និងដែលនៅតែបន្តជួយដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ តាមស្មារតីនៃកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីសស្តីពីកម្ពុជា ២៣ តុលា ១៩៩១ ៕
