ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានថាមានអាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងមួយចំនួនបានចូលដៃ ជាមួយក្រុមទុច្ចរិតរំលោភបំពាន និងទន្រ្ទានយកដីព្រៃលិចទឹក ដែលជាសម្បត្តិរបស់រដ្ឋ ធ្វើជាសកម្មសិទ្ធិផ្ទាល់ខ្លួននោះ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានណែនាំដល់សមត្ថកិច្ចដែល ពាក់ព័ន្ធសមគំនិតក្នុងបទល្មើសកាប់ទន្ទ្រានដីព្រៃលិចទឹក ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនចង់ប្រឈមមុខផ្លូវច្បាប់ ព្រោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាត់វិធានការចុះបង្រ្កាប ក្នុងពេលឆាប់ៗខាងមុខនេះហើយ។
ក្នុងឱកាសចុះប្រកាសបិទការនេសាទ កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានថ្លែងសង្កត់ធ្ងន់ថា «យើងស្នើនៅក្នុងការប្រជុំ សុំឲ្យសមត្ថកិច្ចយើង មានវិធានការទប់ស្កាត់ហើយទី២ កុំឲ្យមានការពាក់ព័ន្ធជាមួយការទន្ទ្រានដីព្រៃលិចទឹក ហើយបើមានសុំឲ្យដកខ្លួនចេញជាបន្ទាន់ ព្រោះមិនអាចទុកឲ្យសកម្មភាពបែបនេះបានទេ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាត់ការឆាប់ៗខាងមុខនេះ»។
ជាមួយគ្នានេះ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានឲ្យដឹងផងដែរថា ក្រសួងកសិកម្មនឹងមានការប្រជុំ នៅថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២១ ករណីកាប់ទន្ទ្រានដីព្រៃលិចទឹក នៅចំណុចក្រពើស្គម ស្រុកឯកភ្នំ ផងដែរ។
សូមរំលឹកថា ស្របពេលដែលព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី និងបណ្ដាស្រុកផ្សេងៗទៀតក្នុងមូលដ្ឋាន ខេត្តបាត់ដំបង រាប់ម៉ឺនហិកតា កំពុងរងការកាប់បំផ្លាញ ឥតឈប់ឈរទាំងរដូវប្រាំង និងរដូវវស្សា ពីសំណាក់ជនខិលខូច ជាបន្តបន្ទាប់នោះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានបង្ហាញ ភាពត្អូញត្អែរពីការខ្វះខាតកម្លាំង មធ្យោបាយ ថវិកា និងសម្ភារក្នុងការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងនេះ។
លោកអភិបាលខេត្តធ្លាប់បាត្អូញត្អែរថា “រាល់ការបង្រ្កាបបទល្មើសទាំងអស់នេះ រដ្ឋបាលខេត្តក៏មានការលំបាក និងជួបបញ្ហាប្រឈមមួយចំនួនទៀត ដោយសារទីតាំងដីព្រៃលិចទឹក និងដែននេសាទមានទំហំធំ ហើយមន្រ្ដីមានចំនួនតិច ខ្វះខាតធនធានមធ្យោបាយ ថវិកា និងសម្ភារៈក្នុងការចុះទប់ស្កាត់ជាដើមផងដែរ”៕