នយោបាយ

លោក មុត ចន្ថា បន្តសរសេរលិខិតចំហជូនលោក ជីវ កក្ដា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ជុំវិញបាត់លុយជាង ៧០ម៉ឺនដុល្លារ (Video)

ភ្នំពេញ៖ ដោយសារនៅតែមិនអស់ចិត្ត ជុំវិញការបាត់លុយជាង ៧០ម៉ឺនដុល្លារ ក្នុងមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ លោក មុត ចន្ថា បានបន្តផ្ញើលិខិតចំហរជូនលោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ម្នាក់ទៀតឲ្យជួយបកស្រាយ ព្រោះលោក ជីវ កត្តា ក៏ជាអតីតមន្រ្តីជាន់ខ្ពស់របស់ អតីតគណបក្សសង្រ្គោះជាតិមួយរូបផងដែរ ដែលបានដឹងរឿងរ៉ាវនេះ ។

ក្នុងករណីនេះ លោក មុត ចន្ថា ថ្មីៗនេះ ក៏បានផ្ញើលិខិតចំហរទៅលោក ប៉ុល ហំម លោក អ៊ូ ច័ន្ទរ័ត្ន និងលោកម៉ៅ មុនីវណ្ណដែរ ។

ជាបន្តសូមអានខ្លឹមសារ ទាំងស្រុងនេះលិខិត ៖

លិខិតចំហ ផ្ញើជូនថ្នាក់ដឹកនាំនៃគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កក្ដា

កម្មវត្ថុៈ ការបាត់មូលនិធិទូរទស្សន៍ព្រះអាទិត្យ
ខ្ញុំមានកិត្តិយសសរសេរមកលោក ជាថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាអតីតមន្រ្តីជាន់ខ្ពស់ របស់គណបក្សសង្រ្គោះជាតិ ដើម្បីស្នើសុំលោកបញ្ជាក់គោលជំហរ ពាក់ព័ន្ធនឹងមូលនិធិទូរទស្សន៍ព្រះអាទិត្យ (Sun TV) ដែលត្រូវបានគេដកចេញពីគណនីធនាគារ នៅមុនពេលគណបក្សនេះត្រូវបានរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ដូចលោកជ្រាបច្បាស់ហើយថា មូលនិធិទូរទស្សន៍ព្រះអាទិត្យ បានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជារូបលោកបានចូលតួមហ៊ុន ក្នុងការកសាងស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យ ដើម្បីបុព្វហេតុអតីតគណបក្សសង្រ្គោះជាតិ។ គណបក្សនេះបានចាប់ផ្តើមប្រមូលជាសាធារណៈ នៅខែមិថុនា ដល់ ខែកញ្ញា ឆ្នាំ២០១៥ ដូច្នេះគិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ អតីតគណបក្សនេះប្រមូលបានថវិកាជាង ៧០ម៉ឺនដុល្លារ ហើយថវិកានេះ ត្រូវបានយកទៅតម្កល់នៅក្នុងគណនីធនាគារ (មិនស្គាល់ឈ្មោះនិងលេខគណនី) ជាប្រាក់បញ្ញើមានអត្រាការប្រាក់។

មូលហេតុដែលខ្ញុំសរសេរមកលោក ដោយស្នើសុំលោកបញ្ជាក់អំពីភាព មិនច្បាស់លាស់ចំពោះថវិកា ដែលជាមូលនិធិទូរទស្សន៍ព្រះអាទិត្យ ដើម្បីធានាថាថវិកានេះមិនត្រូវបានបាត់បង់ និងដើម្បីធានានូវសុចរិតភាព និងតម្លាភាពក្នុងការគ្រប់គ្រងចវិកា ដែលជាញើសឈាមរបស់ប្រជាពលរដ្ឋខ្មែរ។ ខ្ញុំជឿជាក់ថាគណបក្សរបស់លោក មានគោលការណ៍ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកកម្ពស់សុចរិតភាព និងតម្លាភាពទាំងផ្ទៃក្នុងគណបក្ស និងទាំងការដឹកនាំប្រទេស ដូច្នេះគណបក្សរបស់លោកនឹង ចូលរួមស្វែងរកការពិតចំពោះមូលនិធិជាង ៧០ម៉ឺនដុល្លារ ដែលត្រូវបូកអត្រាការប្រាក់រយៈពេលជិត ៦ឆ្នាំមកនេះប្រមាណជា ២៣១,០០០ដុល្លារ ដើម្បីបញ្ជាក់ជាសក្ខីកម្មថាគណបក្ស របស់លោកមិនអត់ឱនឱ្យអំពើពុករលួយ ទោះជាអំពើនេះប្រព្រឹត្តដោយអ្នកណា និងនៅទីណា សំដៅនាំយកជនទាំងឡាយណាដែល អាចនឹងយកថវិកានេះទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន ឬធ្វើឱ្យបាត់បង់។

ម្យ៉ាងវិញទៀត ដូចលោកបានជ្រាបហើយថា គណបក្សសង្រ្គោះជាតិត្រូវបាន រំលាយដោយតុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដូច្នេះគម្រោងសាងសង់ស្ថានីយ៍ទូរទស្សន៍ ព្រះអាទិត្យក៏ត្រូវបានបញ្ចប់ជាស្ថាពរដែរ។ ក្នុងន័យនេះ មូលនិធិជាង ៧០ម៉ឺនដុល្លារ និងអត្រាការប្រាក់ មិនអាចត្រូវបានគេយកទៅប្រើប្រាស់ សម្រាប់គោលបំណងផ្សេងទៀត ដូចជាបង្កើតស្ថានីយ៍ទូរទស្សន៍ ក្នុងក្របខណ្ឌគណបក្សនយោបាយថ្មីណាផ្សេងទៀតទេ ក្រៅពីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ។ ក្នុងទស្សនរបស់លោកនិងគណបក្សរបស់លោកៈ តើមូលនិធិទូរទស្សន៍ព្រះអាទិត្យ ទាំងដើមទាំងការប្រាក់គួរត្រូវប្រើប្រាស់បែបណា ឬគួរបង្វែរជាប្រាក់បរិច្ចាគមនុស្សធម៌ និងសប្បុរសទៅមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ឬជួយដល់ប្រជាពលរដ្ឋខ្មែរ រងគ្រោះដោយជំងឺរាតត្បាតកូវីដ-១៩?

ខ្ញុំសង្ឃឹមជឿជាក់ថា លោកនិងគណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក នឹងបញ្ជាក់ជំហរអំពីការបាត់បង់ នូវមូលនិធិទូរទស្សន៍ព្រះអាទិត្យ ដោយគ្មានការបញ្ជាក់នូវភស្តុតាង ជាឯកសារនិងពីរមនុស្សពីររូបដែល ត្រូវបានគេដឹងនិងឮថាបានដក ថវិកាទាំងអស់ចេញពីគណនីធនាគារ និងទាមទារឱ្យមានអ្នកទទួលខុសត្រូវ ចំពោះការបាត់បង់មូលនិធិនេះ។ កិច្ចការស្វែងរកការពិតនេះមិនមែនជាបញ្ហាបុគ្គល ឬបញ្ហាឯកជន ប៉ុន្តែវាជាបញ្ហាគោលការណ៍នៃ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ទោះបីត្រូវបានប្រព្រឹត្តដោយអ្នកណា និងនៅកន្លែងណា យើងមិនត្រូវអត់ឱន ហើយយើងសុទ្ធតែមានកាតព្វកិច្ចជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ ខ្ញុំជឿជាក់ថាលោកនិងគណបក្ស របស់លោកមានភាពក្លាហានជាង អ្នកនយោបាយជាន់ខ្ពស់ខ្លះនៃ អតីតគណបក្សសង្រ្គោះជាតិ ដែលគ្មានភាពក្លាហានហ៊ានចេញមុខ ឬមិនអើពើស្វែងរកការពិត ចំពោះមូលនិធិទូរទស្សន៍ព្រះអាទិត្យ ហើយថែមទាំងមានចរិតហាក់ ជួយការពារអំពើទុច្ចរិតទៀតផង។ លោកនិងគណបក្សអាចបញ្ជាក់ជំហរ ជាសាធារណៈតាមរយៈគ្រប់វិធី និងវេទិកាដែលលោកយល់ថាសមស្រប ដោយមិនចំពោះតែខ្ញុំនោះទេ។

សូមលោកជាថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលនូវការស្រឡាញ់រាប់អាន អំពីខ្ញុំ មុត ចន្ថា ៕

To Top